នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៨ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត។
នៅក្នុងជំនួបនេះ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រ និងព្រះរាជទាយាទ ជូនចំពោះសម្ដេចតេជោ។
ព្រះអង្គម្ចាស់ក៏បានប្រាប់សម្ដេចតេជោថា ដំណើរទស្សនៈកិច្ចរបស់ព្រះអង្គម្ចាស់មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រីកចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង តាមរយៈកិច្ចពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រទេសទាំងពីរមានសក្តានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ដូចជាវិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម។ល។
ក្នុងន័យនេះព្រះអង្គម្ចាស់សូមគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយព្រះអង្គម្ចាស់ ហើយក៏បានស្វាគមន៍ និងលើកទឹកចិត្តឲ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពលដែលកម្ពុជាមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឲ្យបានជោគជ័យនាពេលខាងមុខ៕