លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដើម្បីទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រេសិតពិសេសរបស់អាស៊ាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃនេះ គឺ ដើម្បីស្វះសែ្វងរកវិធីសម្របសម្រួលសភាពការជាមួយនឹងភាគីពាក់ព័ន្ធនានា និងផ្តល់ជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដើម្បីទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន។
ទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឱ្យមានការសម្របសម្រួលមួយចំនួន។
អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន, លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្រ្ដីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទំាងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ៕