ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” នៅថ្ងៃទី២១ ខែមីនានេះ។
រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក អ៉ិត សំហេង បានចាត់ទុកឯកសារគោលនយោបាយនេះ នឹងក្លាយទៅជាផែនទីបង្ហាញផ្លូវក្នុងការតំរង់ផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន ក្នុងការកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅនិងវិធានការជាយុទ្ធសាស្រ្ត ដើម្បីបន្តពង្រឹង និងគ្រប់គ្រងការអភិវឌ្ឍវិស័យនេះ ឱ្យស្របតាមបរិការណ៍កម្ពុជាក្នុងការដោះស្រាយនូវបញ្ហាប្រឈម ដែលមានចរិតជារចនាសម្ព័ន្ធ និងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកនូវកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក សំដៅផ្លាស់ប្តូរវិស័យនេះឱ្យទៅ ជាឧស្សាហកម្មមួយដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ដោយផ្តោតទៅលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចមុនដំណាច់ឆ្នាំ២០២៧។
សម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង និងការបូប បានដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០។ ជាកស្តែង វិស័យនេះបានចាប់ផ្តើមជាមួយនឹងរោងចក្រចំនួន ៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងជាង១២០០រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់ ប្រាក់ឈ្នួលអប្បបរមា បានកើនឡើងជាបន្តបន្ទាប់ ដោយកើនពី៤០ ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ១៩៩៧ ដល់ ១៩៤ ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២២ ហើយបើបូកទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២១១ ដុល្លារអាម៉េរិក ដល់ ២២២ ដុល្លារអាម៉េរិក ក្នុងមួយខែ។ ជារួម មានប្រជាពលរដ្ឋកម្ពុជា យ៉ាងហោចណាស់ពី២,៥លាន ទៅ៣លាននាក់ ដែលអាស្រ័យផលពីវិស័យនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តវិធានចំនួន៣ ក្នុងចំណោមវិធានការចំនួន៥ការដែលបានចេញ រួមមាន៖ ទី១. បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត ទី២ បន្តធ្វើឱ្យប្រសើឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករនិយោជិត, និងទី៣ លើកកម្ពស់ការវិនិយោគក្នុងស្រុកនិងបរទេសក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់៕