សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ បន្តជំរុញការរៀបចំនិងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
ការជំរុញរបស់សម្តេចតេជោដូចនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ នៅរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំរុញការរៀបចំនិងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធអភិបាលកិច្ចឌីជីថលនេះ គឺដើម្បីធ្វើឲ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុង រដ្ឋបាលថ្នាក់ក្រោមជាតិនិងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋព្រមទាំងធានាដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលា និងមានតម្លាភាព។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពិនិត្យនិងកែលម្អគោលការណ៍និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់ថវិកា បន្ថែមលើលើបៀវត្ស និងការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់និងឋានន្តរស័កក្នុងមុខតំណែងនានា ឲ្យសមស្របទៅនឹងមុខជំនាញដើម្បីធានាការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពយុត្តិធម៌និងគ្មានការរើសអើង ៕