ក្រុមហ៊ុនកូរ៉េជាង ៣០០ ក្រុមហ៊ុន កំពុងវិនិយោគផ្ទាល់នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

បើតាម​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ប្រចាំ​នៅកម្ពុជា​បាន​បញ្ជាក់​ថា មាន​ក្រុមហ៊ុនកូរ៉េប្រមាណ ៣០០ ក្រុមហ៊ុនកំពុងវិនិយោគផ្ទាល់នៅកម្ពុជា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ​បាន​ថ្លែង​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ​​រវាង​សាធារណៈរដ្ឋកូរ៉េ និង​កម្ពុជា​​ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ​នេះ បាន​ជំរុញ​កំណើន​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​កូរ៉េ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អគារស្នាក់នៅប៊ូយ៉ុង​ថោន​របស់​ក្រុមហ៊ុន​កូរ៉េ​តាម​មហាវិថី​សហព័ន្ធ​រុស្សី

​ឯក​អគ្គរដ្ឋទូតរូបនេះបាន​ថ្លែង​នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិ​លេខ​២១នៅព្រឹកមិញ​ថាក្រោយពីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរបានកើនឡើងជាង ១៧ ដង ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ ៣០០ក្រុមហ៊ុនកំពុងវិនិយោគផ្ទាល់នៅកម្ពុជា។

កម្ពុជា​និង​កូរ៉េ​បាន​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៩៧។ ឯកអគ្គរដ្ឋទូតកូរ៉េរូបនេះ ក៏បានបញ្ជាក់ថា ក្រោយ​ពេល​កម្ពុជា​និង​កូរ៉េ​បាន​ចុះកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី នឹងជំរុញ​ទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែហក់ខ្ពស់ថែមទៀត។

ជុំវិញការលើកឡើងនេះដែរ សម្តេច ហ៊ុន សែន ក៏ចាត់ទុកដែរថា សមិទ្ធផលដែលកម្ពុជាទទួលបាននេះ បានកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលបានសម្តេចបានប្រឹងប្រែង​ពុះពារ ដើម្បីកសាងទំនាក់ទំនងឡើងកាលពីឆ្នាំ១៩៩៧៕