រដ្ឋាភិបាលថា វិស័យកសិកម្មឆ្នាំ២០២១ កន្លងទៅមានការរីកចម្រើនគួរឱ្យកត់សម្គាល់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនានេះ បានគូសបញ្ជាក់ថា វិស័យកសិកម្មឆ្នាំ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង ១២,២លានតោន កើនឡើងប្រមាណ ១១,៦% ធៀបនឹងឆ្នាំ ២០២០ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២% និងអតិរេកស្រូវមានចំនួនជាង ៦,៩៤ លានតោន ឬ គិតជាអង្ករស្មើនឹងប្រមាណ ៤,៤៤លានតោន ដំណាំសាកវប្បកម្មសម្រេចបានជាង ៤,៣៦ លានតោន និងដំណាំឧស្សាហកម្មសម្រេចបានជាង ១៩លានតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២១ ផលិតកម្មសត្វ ដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១,២% ធៀបនឹងឆ្នាំ ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧%។

ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានប្រមាណ ៥,០០០លានដុល្លារអាមេរិក មានកំណើន ២៥% ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០ ដែលក្នុងនោះ ការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០លានដុល្លារអាមេរិក លើសឆ្នាំកន្លងទៅ។

ទោះជាបែបនេះក្តី សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធនានា ត្រូវខិតខំអនុវត្ត “គោលយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០” ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណ:ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានចីរភាព៕