ក្រោយពេលរាជរដ្ឋាភិបាលសម្រេចលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ គេសង្កេតឃើញថាទាំងអ្នកទេសចរណ៍បរទេស និងអ្នកវិនិយោគិនបរទេសជាច្រើន បានចាប់ផ្តើមធ្វើដំណើរមកកាន់កម្ពុជាដើម្បីមកទេសចរណ៍ និងស្វែងរកឳកាសវិនិយោ បន្ទាប់ពីខកខានមួយរយៈពេលមក។
លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា តាំងពីលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលមក ជាការកត់សម្គាល់ឃើញមានអ្នកភ្លៀវបរទេស និងអ្នកវិនិយោគិនបរទេស បានចូលមកកម្ពុជាច្រើនជាងមុន ពោលគឺមុនពេលចេញសេចក្តីសម្រេចលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាល នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ មានអ្នកដំណើរពីបរទេសមកកម្ពុជាតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចន្លោះពី៦០០នាក់ទៅ៧០០នាក់ ប៉ុន្តែឥឡូវជាមធ្យមគឺឈានដល់ពី១២០០នាក់ទៅ១៣០០នាក់។
លោកឧត្តមសេនីយ៍ត្រី ថោង សុផាត បានបន្តថា កម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់អា ស៊ា ន ដែលបានបើកប្រទេសទាំងស្រុងដោយលុបចេញលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាល ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដោយសារបច្ចុប្បន្ននេះ ប្រទេសមួយចំនួននៅលើពិភពលោកបាន ចាក់វ៉ាក់សាំងកូវីដ១៩អស់ហើយ ខណៈដែលផ្ទៃក្នុងកម្ពុជាក៏មានពលរដ្ឋជាង៩០ភាគរយ បានចាក់វ៉ាក់សាំងរួចហើយដែរ ដែលបង្កើតអោយមានភាពស៊ាំសហគមន៍ ដើម្បីឆ្លើយតបនឹងកូវីដ-១៩។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានសម្រេច លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា និងលុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
ទោះបីមានការលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ ក៏ដោយ ក្រសួងសុខាភិបាល ក៏អំនាវបាវលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នា នេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ដោយឡែកចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។
កម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបើកប្រទេសទាំងស្រុងដោយលុបចេញលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ឃើញថាទាំងអ្នកទេសចរណ៍បរទេស និងអ្នកវិនិយោគទុន។ ការធ្វើបែបនេះ ដោយសារបច្ចុប្បន្ននេះ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ បានដោយពលរដ្ឋជាង៩០ភាគរយ បានចាក់វ៉ាក់សាំង ដែលពលរដ្ឋខ្លះបានចាក់ដល់ដូសទី៤ ដែលបង្កើតអោយមានភាពស៊ាំសហគមន៍ ដើម្បីឆ្លើយតបនឹងកូវីដ-១៩ ៕ អត្ថបទ៖ ពុធិកា