លោក សុខ សុក្រឹត្យា ត្រូវបានបញ្ចប់តួនាទីពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
តាមរយៈព្រះរាជក្រឹត្យ ការបញ្ចប់មុខតំណែងលោក សុខ សុក្រឹត្យា នេះធ្វើឡើងតាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន។ លោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ តាមសេចក្តីក្រាបបង្គំទូថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។
សូមជម្រាបជូនថា លោក សុខ សុក្រឹត្យា ជាកូនប្រុសរបស់លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ អនុបណ្ឌិតផ្នែកគ្រប់គ្រង អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយ និងអនុបណ្ឌិតផ្នែកសិល្បៈទំនាក់ទំនងពីប្រទេសថៃ។
លោក បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកកិច្ចការសាធារណៈពីសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិកផងដែរ។
សូមបញ្ជាក់ថា លោក សុខ សុក្រឹត្យា គឺជាស្វាមីលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោកស្រី គឺជាស្ត្រីខ្មែរ១រូប ដែលបានចំណាយពេលវេលាជាង២០ឆ្នាំ លើកិច្ចការព្រំដែនកម្ពុជា ដោយចាប់ផ្ដើមបេសកកម្មតាំងពីដើមឆ្នាំ១៩៩៦៕