ការអភិវឌ្ឍតំបន់បូកគោ នៅប៉ុន្មានឆ្នាំនេះឃើញថារីកចម្រើនរីរាលដាលគួរឲ្យកត់សម្គាល់ ខណៈដែលរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ឲ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ ដែលជាទីក្រុងឆ្លាតវៃ និងជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងក្លាយជាទីតាំងផ្សារភ្ជាប់តំបន់ឆ្នេរនៃច្រករបៀងទេសចរណ៍ភាគខាងត្បូង។
បើតាមអនុក្រឹត្យដាក់ឨ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩ បានបង្ហាញថា ដីក្នុងប្លង់គោលគម្រោងអភិវឌ្ឍក្រុងបូកគោ ត្រូវបែងចែកជា ៩ តំបន់ រួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាលសាធារណៈ តំបន់លំហសាធារណៈ និងផ្ទៃបៃតង តំបន់វប្បធម៌ និងសាសនា និងតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។
រមណីយដ្ឋានឧទ្យានជាតិភ្នំបូកគោ មានផ្ទៃដីសរុប ១៥៤ ៤៥៤ ហិកតា ក្នុងនោះប្រភេទដីអាចសាងសង់បានមានទំហំ ២៧ ៩៤៣ ហិកតា និងប្រភេទដីកម្រិតការសាងសង់មានចំនួន ១២៦ ៥១៥ ហិកតា ខណៈទំហំ ១៨ ៩៨៧ ហិកតា ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់។ នេះបើតាមអនុក្រឹត្យ។
អនុក្រឹត្យដដែរបញ្ជាក់ថា ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ អាចធ្វើការកែសម្រួលក្នុងរយៈពេល ៥ ឆ្នាំម្តង ក្នុងករណីចាំបាច់នៃអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
គួររម្លឹកថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ។
តាមរយៈប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ផ្ទៃដីជិត៣ម៉ឺនហិកតា ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នៃភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នឹងត្រូវយកមកអភិវឌ្ឍន៍ ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។ ផ្ទៃដីនេះស្មើនឹង១៨%នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្សបូកគោទំហំជាង១៥ម៉ឺនហិកតា៕