ថ្ងៃនេះឧកញ៉ាញូហ៍នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់អំពីអត្ថប្រយោជន៍ គុណសម្បត្តិរបស់ផ្លែគុយ។
ផ្លែគុយ ជាផ្លែឈើហូបផ្លែម្យ៉ាងដែលដុះនៅតាមទីដែលមានព្រៃ។ឈ្មោះរបស់វាហៅម្យ៉ាងទៀតថា វល្លិគុយ។
គុយជាលតាជាតិមួយប្រភេទដែលដុះតោងដើមឈើធំៗក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម ដោយដើមមានសណ្ឋានជាឈើ ធំជាងលតាជាតិដទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក។ សំបកដើមមានសភាពរលោង និងមានពណ៌ត្នោត ផ្នែកនីមួយៗនៃដើមមានជ័រពណ៌សដូចទឹកដោះគោ ច្រើនមានដុះនៅក្នុងព្រៃធំ ព្រៃស្រោង ព្រៃស្បាត និងព្រៃរបោះតាមចម្រាក់ភ្នំ គុយជារុក្ខជាតិដែលបន្តពូជដោយគ្រាប់។ ស្លឹកគុយ ច្រើនដុះតម្រៀបទល់មុខគ្នាជាគូ ស្លឹកមានរាងពងក្រពើ ចុងនៃស្លឹកស្រួចនិងស្តើង គែមនៃស្លឹកមានសណ្ឋានរលោង ឬ រលកបន្តិច។ ស្លឹកមានទទឹង ៥-៧ សង់ទីម៉ែត្រ បណ្តោយ ១០-១៤ សង់ទីម៉ែត្រ បន្ទះស្លឹកមានពណ៌បៃតង ស្លឹកក្រាស់ ផ្នែកខាងលើរលោង ផ្នែកខាងក្រោមគឺមានលក្ខណៈគគ្រាត មានស្លឹកប្រហែល ១៥-១៦ គូ ស្លឹកមានរោមនៅផ្នែកខាងលើ ទងស្លឹកមានប្រវែងប្រហែល ១-២ សង់ទីម៉ែត្រ។
ផ្ការបស់គុយរីកនៅខែ កុម្ភៈ ដល់ខែមីនា។ផ្លែគុយ ជាផលផ្លែមានសាច់ជោ និងគ្រាប់ ផ្លែមានរាងមូល ឬ រាងពងក្រពើ សំបកក្រាស់ មានទំហំជាមធ្យម ៥.៨-៧.២ ស.ម សាច់ផ្លែមានជាតិទឹកច្រើន សំបកមានជ័រស្អិត មានគ្រាប់វែង ទំហំប្រហែល ០.៨-១.២ ស.ម !
ចំពោះគុណប្រយោជន៍មានដូចជា ៖
- សំបកគុយមានរសជាតិមិនល្វីង ស្ងោរនឹងទឹកផឹកជាឱសថព្យាបាលអាការឈឺក្បាល (សំបក)
- នៅប្រទេសម៉ាឡេស៊ី ឫសត្រូវបានគេយកទៅស្ងោរផឹក ជាឱសថព្យាបាលជំងឺខាន់លឿងដែលបណ្ដាលមកពីជំងឺគ្រុនចាញ់ (ឫស)
- ឫសមានរសជាតិហិល បើយកមកស្ងោរផឹកជាថ្នាំព្យាបាលឈឺបំពង់ក និងឈឺទ្រូង (ឫស)
- វល្លិ ដើម ឬឫស ស្ងោរផឹកជាថ្នាំព្យាបាលរោគរាគ (វល្លិ ដើម ឫស)
- ផ្លែគុយទុំយកមកបរិភោគ ជួយរំអិលពោះវៀន ធ្វើឱ្យងាយស្រួលក្នុងការបញ្ចេញចោល (ផ្លែទុំ)
- ដើមស្ងោរនឹងទឹកផឹកជាឱសថព្យាបាលការក្រិនថ្លើម (ដើម)
- តាមក្បួនឱសថបុរាណភាគខាងត្បូងនៃប្រទេសថៃ គេយកដើមមកស្ងោរជាមួយទឹកផឹកជាថ្នាំព្យាបាលការហូរទឹករងៃ (ដើម)
- ផ្លែខ្ចីមានរសជាតិជូរ គេប្រើផ្លែខ្ចី ហាលស្ងួត យកទៅដុតបន្ទាប់មកលាយជាមួយទឹក ប្រើជាថ្នាំព្យាបាលរបួស (ផ្លែខ្ចី)
- ជ័រយកលាបលើមុខរបួស ជួយផ្សះរបួសអោយឆាប់ជា(ជ័រ)
- ដើមយកមកស្ងោរជាមួយទឹកផឹកជាឱសថព្យាបាលជំងឺអសន្ទរោគ (ដើម)
- ឫសត្រូវហាន់ល្អិតៗ ហើយប្រើជាឱសថព្យាបាលជំងឺខាន់លឿងចំពោះទារក (ឫស)
- ដើមត្រូវស្ងោរជាមួយទឹកផឹកជាឱសថលើកកំលាំង ! ឫស និងវល្លិក៏មានលក្ខណៈសម្បត្តិជាថ្នាំប៉ូវកំលាំងផងដែរ (ដើម វល្លិ ឫស)
- គ្រូឱសថបុរាណនៅខេត្តឧប៊ុនរាជធានី បានយកវល្លិគុយមកស្ងោរជាមួយទឹកផឹកជាឱសថព្យាបាលជំងឺខ្វិន (វល្លិ)
ចំពោះអត្ថប្រយោជន៍របស់ផ្លៃគុយមានដូចជា ៖
- ផ្លែគុយទុំ មានរសជាតិផ្អែមនិងជូរ អាចបរិភោគបាន
- វល្លិត្រូវបានគេប្រើជំនួសខ្សែរសម្រាប់ចងរបស់របរ
- ឫសគេអាចយកមកផលិតជាថ្នាំពណ៌ ដោយវាផ្តល់ពណ៌ក្រហម។
ប្រភព៖ Sok Vichea