បើកទំព័រប្រវត្តិសាស្រ្តថ្មី ក្រសួងដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជា វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន១២ ដែលសហការរៀបចំជាមួយអង្គការ UNDP, Energy Lab និង SMMR/GIZ ដើម្បីបើកឡើងទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនីសំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងជំនឿយ៉ាងមុតមាំថា ការតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីនេះ នឹងជួយជំរុញឱ្យមានការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាពិភពលោក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យយានយន្ត ដែលជាផ្នែកមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG)បណ្តាលឱ្យមានការឡើងកំដៅផែនដី បម្រែបម្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន។

លោកបន្តថា ក្រសួងបានទទួលជំនួយពីអង្គការ UNDP នូវឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន០៤គ្រឿង ហើយក្រុមហ៊ុនឯកជនដែលជាដៃគូ បានសន្យាគាំទ្រលើការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយជំហានដំបូងសន្យាផ្តល់ឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០គ្រឿង។ ក្រៅពីនេះ ក្រសួងក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួន ដែលមានចំណាប់អារម្មណ៍លើការវិនិយោគស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីផងដែរ។

យ៉ាងណាបើតាមរបាយការណ៍របស់លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ចំនួនយានយន្តអគ្គិសនីដែលបានចុះបញ្ជីមានចំនួនតែ០២គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ និងចំនួន៦២គ្រឿងនៅឆ្នាំ ២០២១ ហើយនៅក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះពោលគឺ៖ ពីខែមករាដល់ខែមីនា ឆ្នាំ២០២២នេះ ការចុះ បញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧គ្រឿង បើធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា (ចំនួន០៧ គ្រឿងប៉ុណ្ណោះ) មានការកើនឡើង៦៧១% ដែលនេះគឺជាកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីមួយគួរឱ្យកត់សម្គាល់។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍន៍នានា បាននិងកំពុងធ្វើការងារមួយចំនួនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងការលើកកម្ពស់ការប្រើ ប្រាស់យានយន្តអគ្គិសនីដូចជាការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីអភិវឌ្ឍន៍វិស័យដឹក ជញ្ជូនផ្លូវគោកដែលមានបញ្ចូលនូវចំណុចស្តីពីការលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនី ការលើកទឹកចិត្តឱ្យមានការបង្គុំដំឡើង និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា ការចងក្រងឯកសារគតិយុត្តដើម្បីគាំទ្រដល់ការអភិវឌ្ឍយានយន្តអគ្គិសនី ការកំណត់យកបទដ្ឋានបច្ចេកទេស និងការរៀបចំ ផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាដើម៕