ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានឲ្យដឹងថា នៅដើមខែមេសា ឆ្នាំ២០២២ ខាងមុខនេះ សម្តេចនឹងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ដែលជាព្រលានយន្តហោះអន្តរជាតិមួយទៀតរបស់កម្ពុជា។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង កាលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។
សម្តេចបានបញ្ជាក់ថា មិនយូរទេព្រលានយន្តហោះថ្មីនៅសៀមរាប នឹងអាចដាក់ឲ្យដំណើរការដើម្បីបំពេញតម្រូវការធ្វើដំណើរតាមផ្លូវអាកាសបន្ថែមទៀតរបស់កម្ពុជា។ ព្រលានយន្តហោះនេះ មិនត្រឹមសាងសង់ឡើងមានលក្ខណៈបច្ចេកទេសស្តង់ដារប៉ុណ្ណោះទេ ក៏មានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំៗបានផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គ្រោងនឹងសម្រេចឱ្យបានជាង ៧០% ក្នុងឆ្នាំ ២០២២ នេះ ហើយត្រៀមបើកដំណើរការតាមផែនការនៅឆ្នាំ ២០២៣ ដូចការគ្រោងទុក។ នេះបើយោងតាមកិច្ចប្រជុំតាមដានការងាររបស់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី ២៥ មករា កន្លងទៅ។

ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅស្រុកសូត្រនិគម ចម្ងាយប្រមាណជា ៥១ គីឡូមែត្រពីក្រុងសៀមរាប។ គម្រោងនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.។
ចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា។
សម្តេច ហ៊ុន សែន បានចាត់ទុកទៀតវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មីមិនត្រឹមតែឆ្លើយតបទៅនឹងការជំរុញឱ្យមានការបើកទេសចរណ៍អាស៊ានឡើងវិញនោះទេ ថែមទាំងបានចូលរួមចំណែកបង្កើតឱកាសការងារជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកផងដែរ៕
អត្ថបទ៖ រង្សី