អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត នូវរាល់បណ្តាអ្នកវិនិយោគិនទាំងអស់ ដែលចូលមកធ្វើការបណ្ដាក់ទុន វិនិយោគនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងបង្កើតនូវការច្នៃប្រឌិតថ្មីៗ សម្រាប់ខេត្តសៀមរាប ឲ្យមានការរីកចម្រើន។ ក្នុងន័យនេះ នឹងចូលរួមជំរុញឲ្យខេត្តមួយនេះ ក្លាយទៅជាគោលដៅសម្រាប់ធ្វើពាណិជ្ជកម្ម និងទេសចរណ៍ដ៏ល្បីនៅក្នុងពិភពលោក។
លោកអភិបាលខេត្ត លើកឡើងបែបនេះក្នុងពិធីសម្ពោធក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៏ ឯ.ក និងដាក់ឲ្យប្រើប្រាស់ការិយាល័យលក់ និង សាលប្រជុំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

បើតាមលោក ទៀ សីហា ខេត្តសៀមរាប ជាខេត្តមួយដែលមានភាពទាក់ទាញ ក្នុងការវិនិយោគ សម្រាប់វិស័យឧស្សាហកម្ម ហើយក៏ជាខេត្តមួយ ដែលផ្ដល់ឱកាសល្អជាច្រើនផងដែរ សម្រាប់ធ្វើពាណិជ្ជកម្ម មានលក្ខណៈកាន់តែប្រសើរឡើង ជាគោលដៅដ៏ទាក់ទាញជាទីបំផុតនៅក្នុងតំបន់ និងពិភពលោក និងមានភាពងាយស្រួលក្នុងការស្វែងរកកម្លាំងពលកម្ម ដែលមានតម្លៃថោក ជាមួយនឹងការផ្លាស់ប្ដូរទៅកាន់ការរៀបចំក្រុងឲ្យក្លាយទៅជាទីក្រុងវៃឆ្លាតអាស៊ាន។
លោកគូសបញ្ជាក់ថា តាមរយៈ ការរីករាលដាលនៃជំងឺនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច ជាសកល នៅកម្ពុជា ពិសេសខេត្តសៀមរាប ដែលមានវិស័យទេសចរណ៍ជាវិស័យចម្បងរបស់ខេត្ត។
តែយ៉ាងណា សក្ខីភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និង កែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រាប់ខេត្តសៀមរាប ដែលមកដល់ពេលនេះយើងបានសម្រេច នៃការសាងសង់ផ្លូវបាន១០០% ហើយគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ៕