ក្រសួង​ទេសចរណ៍​ និង​អង្គការ​ដៃគូ​បន្ត​សហការ​គ្នា​បណ្តុះជំនាញ​ បង្កើត​ឱកាស​ការងារ​ឲ្យ​បាន ៩០ ម៉ឺន​នាក់​ដល់​យុវជន​

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប ក្រសួងទេសចរណ៍បានបន្តសហការជាមួយសាលាប៉ូលឌុយប្រ៊ូល និងអង្គការបណ្តុះបណ្តាលនិងវឌ្ឍនភាពកម្ពុជា ដើម្បីបង្កើនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍​​ដល់យុវជន ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលផ្ដល់ឱកាសការងារក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបាន៩០ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ មានការប្រជុំពិភាក្សាដើម្បីសម្រេចយកការឯកភាពគ្នាសម្រាប់ការបន្តសហការជាមួយសាលាប៉ូលឌុយប្រ៊ូល ដែលមានការចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូអង្គការ និងសាលាជាដៃគូ ក្នុងនោះមានលោកស្រី Eleonore Mueth-Dubrule អនុប្រធានក្រុមប្រឹក្សាភិបាលសាលា និងជាអនុប្រធានគណៈកម្មការយុទ្ធសាស្រ្តអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា លោក Fabrice Tessier នាយករដ្ឋបាលអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា និងលោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល។

នៅក្នុងជំនួបនេះលោកស្រី Eleonore Mueth-Dubrule បានស្នើសុំក្រសួងទេសចរណ៍បន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌជាតិស្របពេលដែលកម្ពុជាកំពុងបើកដំណើរការទទួលភ្ញៀវទេសចរណ៍សារជាថ្មី។

ជាការឆ្លើយតប​លោក ថោង ខុន គាំទ្រ​ការ​បន្តកិច្ចសហប្រតិបត្តិការនេះ ដើម្បីធ្វើយ៉ាងណាត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបឡើងវិញឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព។ ជាមួយគ្នានេះដែរលោក​រដ្ឋមន្រ្តីក៏ស្នើឱ្យសាលាបណ្ដុះបណ្ដាលបន្ថែមទៅដល់យុវជនប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ ម្យ៉ាងទៀតពេលពួកគេចេញធ្វើការមានគុណភាពនិងមានជំនាញត្រឹមត្រូវ។

ក្នុងកិច្ច​ប្រជុំប្រតិភូអង្គការ និងដៃគូខាងលើបានលើកឡើងអំពីកម្មវិធីចំនួន២ ដែលលើសពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលកម្មវិធីទី១ គឺសិល្បៈសូន្យរូប ខណៈលោករដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីនេះគឺជាការបង្កើននូវភាពទាក់ទាញ និងបង្កើនការចងចាំរបស់ទេសចរនៅកម្ពុជា។ ចំណែកកម្មវិធីទី២ គឺកម្មវិធីសន្ទានិស្សិតដ្ឋាន កម្មវិធីមួយដែលសាលាប៉ូលឌុយប៊្រូលបានទទួលកិច្ចសហការពីសាកលវិទ្យាល័យល្បីៗនៅតំបន់អឺរ៉ុបដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការងារបរិស្ថាន អេកូទេសចរណ៍ និងការងារសិល្បៈ ហើយសាលាប៉ូលឌុយប៊្រូលនឹងក្លាយជាសាលាទី១នៅកម្ពុជាដែលនឹងចូលរួមអនុវត្តតាមស្ដង់ដាបណ្ដុះបណ្ដាលទាំងនោះ៕