សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការ អង្គការអន្តរជាតិ ស្រង់គោហ្វីនី នាវិមានសន្តិភាព នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ។
ក្នុងជំនួបនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាគឺមានការទាក់ទាញយ៉ាងខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនិយាយភាសាបារាំង។ លោកជំទាវបន្តថា ក្នុងជំនួបរវាងអ្នកវិនិយោគមកពី២៤ប្រទេសជាមួយនឹងអ្នកវិនិយោគកម្ពុជាកន្លងទៅនេះ បានប្រាប់សម្តេចតេជោថា ជំនួបនោះគឺបានទទួលលទ្ធផលល្អប្រសើរណាស់ ដែលមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការចុះហត្ថលេខាលើអនុស្សារណៈដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានបង្ហាញនូវគោលបំណងរបស់លោកជំទាវ និងប្រតិភូមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និងជានិរន្តតទៅ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវ ក៏ជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគតផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះការជោគជ័យ នៃជំនួបរវាងអ្នកវិនិយោគមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។
បើតាមសម្ដេចតេជោ សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងតំបន់ ដែលប្រទេសយើង និងតំបន់មានសក្តានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ ។
សម្ដេចតេជោបានមានប្រសាសន៍ថា យើងគប្បីណារួមគ្នាបង្កើតជាឱកាសដើម្បីចាប់យកសក្តានុពលទាំងឡាយណាដែលយើងមាន មិនត្រឹមតែដើម្បីពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់យើងទាំងពីរប៉ុណ្ណោះនោះទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិការយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រាប់លោកជំទាវថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្តេចចង់បានគឺជំរុញការអនុវត្ត នៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ានដំណើរការប្រក្រតីភាពឡើងវិញ៕