ក្នុងជំនួបជាមួយលោក យូ យុនចូល រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃ សាធារណរដ្ឋកូរ៉េ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កូរ៉េចំនួន ២១៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥ប៊ីលានដុល្លារអាមេរិក។
លោក សុខ ចិន្តាសោភា បានឲ្យដឹងថា ក្រោយការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរបស់កម្ពុជានិងសាធារណរដ្ឋកូរ៉េនៅឆ្នាំ១៩៩៧ ការវិនិយោគផ្ទាល់ពីកូរ៉េមិនត្រឹមតែនាំមកនូវដើមទុន និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវស្មារតីតស៊ូមិនលះបង់ផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បានលើកពីច្បាប់វិនិយោគថ្មីដែលរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ២០២១ ដែលច្បាប់វិនិយោគថ្មីនេះនឹងជួយទាក់ទាញការវិនិយោគពីកូរ៉េមកកម្ពុជា ជាពិសេស ក្នុងវិស័យឌីជីថល ដែលសាធារណរដ្ឋកូរ៉េបានបោះជំហាននាំមុខគេលើសាកលលោក និងក្នុងវិស័យកែច្នៃចំណីអាហារដែលជាវិស័យមានសក្តានុពលខ្ពស់នៅកម្ពុជា។
គួរបញ្ជាក់ថា កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរជាមួយសាធារណរដ្ឋកូរ៉េកាលពីចុងខែតុលា ឆ្នាំ២០២១ ដែលនឹងចូលជាធរមាននាពេលឆាប់ៗខាងមុខ។ តាមរយៈច្បាប់ពាណិជ្ជកម្មថ្មីនេះ នឹងជួយត្រួសត្រាយផ្លូវក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និងជំរុញឱ្យមានការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមទៀត៕