ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចពិភាក្សាពន្លឿនសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI)ដើម្បីឱ្យការអនុវត្តគម្រោងប្រព័ន្ធនេះកាន់តែងាយស្រួល។នេះបើតាមការឲ្យដឹងពីលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) បានឲ្យដឹងថា កិច្ចប្រជុំរួមគ្នានេះ បានពិភាក្សាទៅលើវឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ដើម្បីធ្វើឱ្យការអនុវត្តគម្រោងប្រព័ន្ធនេះកាន់តែមានភាពល្អប្រសើរ មានភាពងាយស្រួល និងស្របតាមច្បាប់ជាធរមាន។
លោកឲ្យដឹងបន្តថា ក្រោមគោលនយោបាយពង្រឹងការវិវត្តតាមបែបឌីជីថល រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅតាមកំពង់ផែគោលដៅ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងទាំងសកម្មភាពដឹកជញ្ជូន សកម្មភាពផ្ទេរទំនិញ និងការស្តុក។
គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។
បច្ចុប្បន្ន រាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ។
ហេតុនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងទុកថា នៅពេលសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI)បានលេចចេញរូបរាង ហើយត្រូវអនុវត្តន៍ជាផ្លូវការពេលណានោះ នឹងជួយជំរុញសកម្មភាពដឹកជញ្ជូននៅតាមកំពង់ផែកាន់តែងាយស្រួល និងឆាប់រហ័សថែមទៀត៕
អត្ថបទ៖រង្សី