សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី ពហុភាគី និងការផ្លាស់ប្ដូរព័ត៌មាន ដើម្បីត្រួតពិនិត្យ តាមដាន សើបអង្កេត ស្រាវជ្រាវ មុខសញ្ញាចរាចរណ៍ជួញដូរគ្រឿងញៀន និងសារធាតុផ្សុំខុសច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា និងចំគោលដៅ។
ការណែនាំរបស់សម្តេចក្រឡាហោមដូចនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធនៅសណ្ឋាគារ រ៉េងស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបានសាធាតុគីមីផ្សុំ ដើម្បីផលិតជាគ្រឿងញៀន រហូតដល់ជាង៣០០តោន ហើយនៅពេលនេះស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ កំពុងតែរួមគ្នាគិតគូររកវិធីដើម្បីបន្សាបនូវសាធាតុគីមីផ្សុំទាំងអស់នោះ មុនយកទៅកម្ទេចចោល។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា សាធាតុគីមីផ្សំទាំងអស់នោះ ត្រូវបានក្រុមឧក្រិដ្ឋជន នាំចូលទាំងស្របច្បាប់ និងមិនស្របច្បាប់ដើម្បីផលិតគ្រឿងញៀន។ ការនាំចូលដោយស្របច្បាប់មានន័យថា មានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែស្ថាប័នជំនាញមិនបានតាមដានពិនិត្យច្បាស់លាស់ នៅពេលយកទៅប្រើប្រាស់ឲ្យដល់គោលដៅ ហើយភាគច្រើនមានអាជ្ញាប័ណ្ណជាវត្ថុធាតុដើម ដើម្បីធ្វើជាជីកសិកម្មជាដើម។ រីឯការនាំចូលដោយមិនស្របច្បាប់ ត្រូវបានសង្ស័យថា អាចលួចបន្លំជាមួយទំនិញដែលស្របច្បាប់ ដែលសមត្ថកិច្ចឆែកមិនទាន់ដល់កម្រិត ឬអាចនាំចូលតាមច្រករបៀងផ្សេងៗជាដើម។
សម្ដេចក្រឡាហោម បន្តទៀតថា ការផលិតនេះ អាចចែកចាយទាំងនៅកម្ពុជា និងនាំទៅប្រទេសទី៣ និងគោលដៅផ្សេងៗ ហើយកិច្ចប្រជុំខាងមុខនេះ នឹងមានការពិនិត្យឡើងវិញនូវវិធានការ និងគោលការណ៍ដើម្បីធានាគ្រប់គ្រងការនាំចូលសារធាតុទាំងឡាយណាដែលបំរើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងទប់ស្កាត់ឱ្យបានការនាំសាធាតុទាំងនោះមកផលិតគ្រឿងញៀន។
ជាមួយគ្នានេះ ឯកឧត្តម កែ កឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានឱ្យដឹងដែរថា ទោះបីពិភពលោកមានការរាតត្បាតដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពគ្រឿងញៀនមិនមានធូរស្បើយដែរ ហើយក្រុមឧក្រិដ្ឋជនបានប្រើវិធីសាស្រ្តថ្មីៗ និងប្លែកៗកាន់តែមានភាពស្មុគស្មាញ ក្នុងការលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ធ្វើឱ្យសមត្ថកិច្ចជួបការលំបាក ជាក់ស្ដែងបទល្មើសគ្រឿងធំៗត្រូវបានបង្ក្រាបបានជាបន្តបន្ទាប់។
ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមនូវក្រុមគោលដៅប្រឈមដែលត្រូវយកចិត្តទុកដាក់ ដូចជាក្រុមកម្មករចល័ត កម្មករកម្មការនីរោងចក្រ សិប្បកម្ម ជនអានាថា យុវជនគ្មានការងារធ្វើ សិស្សគេចសាលា អ្នកបើកបររថយន្តដឹកជញ្ជូន និងអ្នកបំរើការងារតាមគោលដៅប្រឈម ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល កន្លែងកំសាន្តសប្បាយ សិប្បកម្ម ការដ្ឋាន និងសំណង់ ដោយសារក្រុមទាំងនេះនៅតែជាក្រុមដែលពិបាកជួប និងផ្ដល់ការអប់រំ។
គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួនជាង៦ពាន់ករណី។ ក្នុងចំណោមករណីបង្ក្រាបបាន គឺឃាត់ខ្លួនជនសង្ស័យសរុបជាង១ម៉ឺននាក់ មានជនបរទេសចំនួន៣៦៥នាក់ ៕ អត្ថបទ៖ ពុធិកា