សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែនៃការប្រមូលធនធានរ៉ែមាស កម្ពុជាផលិតមាសបានជាង ២២៧៥គីឡូក្រាម។
ការបានថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ការរុករកប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជា បាននិងកំពុងជួបបញ្ហាមិនមានលទ្ធផល ហើយកប៉ាល់ត្រូវបានគេលួចថែមទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ កម្ពុជាបានរុករករ៉ែមាសកំពុងទទួលផលបានច្រើនវិញ។
សម្តេច បានបន្ថែមថា ការប្រើប្រាស់ធនធានធម្មជាតិ របស់ប្រទេសកម្ពុជា គឺជាបម្រើប្រយោជន៍ជាតិ ខណៈ ដែលប្រទេសផ្សេងទៀត ក៏កំពុងប្រើធនធានធម្មជាតិជាច្រើនដូចគ្នាដែរ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals បានផ្តើមដំណើរការរោងចក្រចម្រាញ់រ៉ែមាសជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២១ នៅខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជា ។ តាមការអោយដឹងពីក្រសួងរ៉ែ និងថាមពល គឺមានក្រុមហ៊ុន រុករករ៉ែមាសចំនួន ៤បន្ថែមទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២នេះ។ ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា ដែលមានទីតាំង នៅខេត្តរតនគិរី។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញក្តីរំពឹងថា ផលិតផលមាសលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវនឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារ ក្នុង ១ ឆ្នាំក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗមាន ៤០ លានដុល្លារក្នុង ១ ឆ្នាំ។ ថវិកានេះនឹងត្រូវយកមកប្រើក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕ អត្ថបទ៖ ពុធិកា