ប្រៀបធៀប​ចំណូល​ពន្ធដារ ៣ ខែ ​ដើមឆ្នាំ​២០២២ ខុស​គ្នាយ៉ាង​ណា?

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកនេះ​ថា ថ្ងៃ ៣០ ខែមីនាជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបាន​បំបែកឯកទគ្គកម្មសម្រាប់ការ​ប្រមូល​ពន្ធ​បានច្រើន​បំផុត​ជា​ប្រវត្តិសាស្រ្ត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ​បាន​បញ្ជាក់ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​​ថា ​រយៈពេលមួយខែមីនានេះ ពន្ធដារ​អាចរក​ចំណូលប្រមាណ ៧០០ លានដុល្លារ។ ខែមករាប្រមាណ ២៨៨ លាន​ ខែកុម្ភៈប្រមាណ​២២៣​លាន សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លាន​ដុល្លារ។

សម្តេច​ថា​ ម្សិលមិញគឺជាពេលវេលាដែលសម្តេចសប្បាយចិត្តឥតឧបមាបំផុត ពីព្រោះ​ជាថ្ងៃ​បំបែកឯកត្តកម្មសម្រាប់ចំណូលផ្ទៃក្នុង ពោល​គឺ​រក​ចំណូលពី​ពន្ធ​បាន​ច្រើន​បំផុតក្នុង​១ថ្ងៃ​មិន​ធ្លាប់មាន។ ថ្ងៃ​ទី ៣០ មីនា ម្សិលមិញ​​នេះ រដ្ឋ​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃ​ក្នុង​បាន​ដល់​ទៅ​ជាង ២៣៦លាន​ដុល្លារ​អាមេរិកឯណោះ ដែល​តួលេខ​នេះគឺ​ខ្ពស់​មិន​ធ្លាប់​មាន។

ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល​បាន​កោត​សរសើរ​​និង​វាយ​តម្លៃ​ខ្ពស់​​ដល់​លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារនិង​ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី រាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញ បេសកកម្មយ៉ាងជោគជ័យដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានលើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២ ភាគរយ នៃផែនការប្រចាំឆ្នាំ។

ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្រ្តនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានលើសផែនការរហូតដល់ ២៤,០២ ភាគរយ ស្មើនឹង ២ ១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ៕