ប្រធានអង្គភាព​អន្តរាគមន៍ ព្រមានបន្ថយសក្តិ ឬ​បណ្តេញ​ចេញ​​ពីក្របខណ្ឌ ​ចំពោះកង​កម្លាំងចុះបង្រ្កាប​បទល្មើស​​នេសាទ​ដែលមិនគោរពវិន័យ

សង្គម​ និង​សេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត ប្រធានអង្គភាពអន្តរាគមន៍ បានណែនាំឲ្យ​កម្លាំងអន្តរាគមន៍​ទាំងអស់​​ដែលចុះ​បំពេញបេសកកម្មបង្រ្កាបបទល្មើសនេសាទ​ត្រូវគោរពវិន័យ និងអនុវត្តតាម​បទ​បញ្ជា​​ថ្នាក់ដឹកនាំ ប្រសិនបើ​មិនគោរព​វិន័យមិនអនុវត្តបទបញ្ជា​តាមឋានានុក្រម​នឹងត្រូវទទួលពិន័យ​ក្នុងរូបភាព​កាត់បន្ថយឋានន្តរសក្តិ ដកហូតតួនាទី ក្នុងករណី​ធ្ងន់ធ្ងរត្រូវធ្វើការបណ្តេញចេញពីក្របខណ្ឌ​នគរបាល​ជាតិតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត ដូចនេះបានធ្វើឡើង​ នៅក្នុងឳកាសដឹកនាំ​កងកម្លាំងចុះប្រតិបត្តិការ​បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតាមខេត្តជាប់បឹងទន្លេសាប កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត

លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត បានបន្ថែមថា​ក្នុងនាមជាកងកម្លាំងត្រូវប្រកាន់​អាកប្បកិរិយា​ត្រឹមត្រូវ​​ទន់ភ្លន់​ប៉ុន្តែ​ម៉ឺងម៉ាត់ ជៀសវាងរងការរិះគន់ពីប្រជាពលរដ្ឋ។ កម្លាំងអន្តរាគមន៍​ទាំងអស់​ ត្រូវខិតខំប្រឹង​ប្រែ​ងពុះពារ​កុំខ្លាច​ការហត់​​​នឿយ ត្រូវតែតស៊ូបំពេញបេសកកម្មនេះឲ្យបានជោគជ័យ ដើម្បីកិត្តិយសខ្លួន​ឯង និងអង្គ​ភាព ក៏ដូចជា​អគ្គ​ស្នងការ​ដ្ឋាន​នគរបាលជាតិ។ ​បេសកម្មលើកនេះខុស​ពីពេលមុនណាៗ​ទាំងអស់ ដោយ​កង​កម្លាំងទាំងអស់​ត្រូវធ្វើការ​បង្ក្រាបរាល់​បទល្មើស​នេសាទ និងការប្រើប្រាស់​ឧបករណ៍ខុស​ច្បាប់។

លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើរឲ្យកងអន្តរាគមន៍ទាំងអស់ ត្រូវចេះសហការ​សាមគ្គីគ្នា និងសហការជាមួយ​កម្លាំង​អាជ្ញាធរចម្រុះពាក់ព័ន្ធ ពិសេសត្រូវគោរពវិន័យកងកម្លាំង​នគរបាល​ជាតិ​ឲ្យខាងតែបាន ដោយត្រូវស្តាប់បទបញ្ជារបស់​ថ្នាក់ដឹកនាំ បំពេញភារកិច្ចដោយឆន្ទៈ ដើម្បី​ទទួលបាន​ជោគ​ជ័យ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទ និងបូកសរុបការងាររបស់ ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និងនេសាទ​​​ កាលរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បាន​ចេញបទ​បញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរ និងកម្លាំង​សមត្ថ​កិច្ច​​គ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹ​​ងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នា​​បង្ក្រាប និងលុបបំបាត់​បទល្មើស​នេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ក្រោយពីសកម្មភាពនេសាទខុសច្បាប់ និងការ​​ទន្ទ្រាន​ដីព្រៃលិចទឹកនៅបន្តកើតមាន។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការ​បង្ក្រាបជនល្មើសទៀតផង ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចដេញ​តាម​បង្រាបក្រុម​ជនល្មើសមិនទាន់ ៕