សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២នេះ។
ក្នុងជំនួបនោះ លោក Pablo Kang បានប្រាប់សម្ដេចតេជោថា អូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfizer ។
លើសពីនេះ លោកបានប្រាប់សម្តេចតេជោបន្តថា អូស្ត្រាលីនឹងបើកប្រទេសឡើងវិញនៅ២សប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលី នឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចូលប្រទេសអូស្ត្រាលីដោយមិនបាច់ត្រូវការធ្វើតេស្តកូវីដទៀតទេ ហើយ អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ជាការឆ្លើយតប សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាតែងតែវាយតំលៃខ្ពស់ចំពោះប្រទេសដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ។ ដោយឡែកអូស្ត្រាលីបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ហើយជាចរន្តជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យពីបារាំង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ និងការបើកប្រទេសឡើងវិញ នៅ២សប្តាហ៍ខាងមុខនេះ។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង និងទូត្រជាក់រក្សាវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕