តាមរយៈការចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរចំពោះសហគ្រាស ហ៉ិននីគែន (ខេមបូឌា) ឯ.ក (HEINEKEN (CAMBODIA) CO., LTD) ជាសហគ្រាសដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២១។
ក្នុងលិខិតជូនដល់សហគ្រាស ហ៉ិននីគែន ប្រមុខរដ្ឋាភិបាលបានលើកឡើងយ៉ាងដូច្នេះថា «ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែក ដែលមិនអាចខ្វះបាន ពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ហ៉ិននីគែន ក៏ជាក្រុមហ៊ុនទី១ ដែលបានបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរមុនគេ ដែលជាគំរូមួយដ៏ល្អ ជំរុញឲ្យមានតម្លាភាពក្នុងការបង់ពន្ធ និងមានការប្រកួតប្រជែងដោយស្មើភាព។