តាម​ឲ្យ​ទាន់​ ខេត្តសៀមរាប​កំណត់​រួច​ហើយ​តំបន់អាទិភាព ៦ កន្លែង ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២១-២០៣៥

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកតំបន់យុទ្ធសាស្ត្រធំៗចំនួន៦ ជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តនេះ ក្នុងនោះរួមមាន តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាបបច្ចុប្បន្ន តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»

តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឬហៅខ្លីថា ឧទ្យានជាតិភ្នំគូលែន គឺជាតំបន់ការពារធម្មជាតិមួយ ដែលត្រូវបានបង្កើតដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩៩៣ ដោយរួមបញ្ចូលទាំងភ្នំគូលែន ភ្នំហប់ និងភ្នំក្បាលស្ពាន។ ឧទ្យានជាតិនេះមានផ្ទៃដីសរុប ៣៧,៥០០ ហិកតា។ ភ្នំគូលែន ត្រូវបានអ្នកស្រាវជ្រាវទទួលស្គាល់ថាជាប្រភពទឹកដ៏សំខាន់ ដែលបានរួមចំណែកធ្វើឱ្យអរិយធម៌អង្គរចាប់កំណើតឡើង និងបន្តមានឥទ្ធិពលល្បីល្បាញនៅក្នុងតំបន់ ចាប់តាំងពីសតវត្សទី៩ តរៀងមក។ លើសពីនេះទៀត ស្របតាមគោលការណ៍ណែនាំសម្រាប់ការអនុវត្តអនុសញ្ញាឆ្នាំ១៩៧២ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូលឧទ្យានជាតិភ្នំគូលែន (មហិន្រ្ទបព៌ត) ក្នុងបញ្ជីបម្រុងដើម្បីដាក់ជាបេតិកភណ្ឌពិភពលោក ក្រោមទម្រង់ជាសម្បត្តិបេតិភណ្ឌវប្បធម៌។

បន្ថែមលើនេះ ភ្នំគូលែនត្រូវបានចាត់ទុកជាភ្នំមានតម្លៃអភិរក្សខ្ពស់ ដោយផ្អែកលើទិដ្ឋភាពចម្បងៗចំនួន ៣ គឺ លក្ខខណ្ឌអេកូឡូស៊ីសំខាន់ៗ សេវាប្រព័ន្ធអេកូឡូស៊ី និងមុខងារសង្គម។ គម្របព្រៃនៅតំបន់នោះ ភាគច្រើនជាព្រៃស្រោង ពាក់កណ្តាលស្រោង និងរួមផ្សំដោយផ្នែកតូចៗនៃព្រៃរបោះ។ ឧទ្យាននេះក៏ជាទីតាំងប្រកបដោយសក្តានុពលដែលនៅមានសេសសល់ព្រៃឈើ និងប្រភេទដើមឈើសំខាន់ ដូចជា ក្រញូង បេង ឆាំឆាជាដើម។ ក្រៅពីប្រភេទដើមឈើ ក៏នៅមានប្រភេទសត្វព្រៃជាច្រើនទៀត ដែលពឹងពាក់អាស្រ័យដោយព្រៃឈើនៅឧទ្យានជាតិភ្នំគូលែន។ តំបន់នេះក៏ជាទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ និងមានតម្លៃខ្ពស់សម្រាប់ប្រទេសជាតិ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏មានតម្លៃច្រើនប្រភេទ និងស្ថិតនៅច្រើនកន្លែង ដូចជា ប្រាសាទបុរាណ ពើង ចម្លាក់ បាតស្ទឹង ស្រះដំរី ព្រះអង្គធំ ឡកុលាលភាជន៍ ទំនប់បារាយណ៍ និងស្លាកស្នាមហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀត។ ក្នុងបញ្ជីបុរាណស្ថានក្នុងឧទ្យានជាតិភ្នំគូលែន មានបុរាណស្ថានចំនួន ១៥៥ កន្លែង ត្រូវបានរកឃើញ។

ភ្នំគូលែន ជាប្រភពទឹកសម្រាប់ការប្រើប្រាស់នៅក្នុងខេត្តសៀមរាប ជាពិសេសក្រុងសៀមរាប ប៉ុន្តែភ្នំគូលែនផ្តល់លើសពីទឹកប្រើប្រាស់ គឺទឹកដែលមានតម្លៃវិសេសវិសាល «ទឹកសក្តិសិទ្ធិ» ជាជំនឿដែលនៅតែទទួលការអនុវត្តរហូតមកដល់បច្ចុប្បន្នសម្រាប់រៀបចំពិធីសក្ការសំខាន់។ សព្វថ្ងៃ ប្រជាជនខ្មែរ និងទេសចរដែលកាន់ព្រះពុទ្ធសាសនា និងហិណ្ឌូសាសនា នៅតែបន្តមកគោរពសក្ការបូជានៅលើភ្នំ និងស្រង់ទឹកភ្នំគូលែន។ រាជរដ្ឋាភិបាល និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ បានចាត់ទុកទីតាំងបុរាណវត្ថុវិទ្យានេះ ជាតំបន់ដែលមិនអាចកាត់ផ្តាច់ពីបរិបទនៃតំបន់ទេសចរណ៍បេតិកភណ្ឌអង្គរឡើយ ហើយការអភិវឌ្ឍទេសចរណ៍ត្រូវតែមានការប្រុងប្រយ័ត្ន គោរពតាមបទដ្ឋានដើម្បីអភិរក្សការពារធនធានធម្មជាតិ និងបេតិកភណ្ឌ។ ដូច្នេះការអភិវឌ្ឍទេសចរណ៍មានភាពចាំបាច់ និងជាដំណោះស្រាយសម្រាប់ការអភិរក្សតំបន់សក្តានុពលធម្មជាតិនេះ ព្រោះការអភិវឌ្ឍនេះនឹងផ្តល់ជាប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ច (ការបង្កើន និងពង្រឹងសមត្ថភាពជាដើម) ពីព្រៃឈើ និងបេតិកភណ្ឌដែលពួកគាត់ត្រូវចូលរួមថែរក្សា ដើម្បីបន្តទាញយកប្រយោជន៍ជានិរន្តរភាព។ រាល់ការអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ច ត្រូវគោរពគោលការណ៍ចំនួន ៣ នៃស្មារតីដើមនៃទីតាំងនោះ រួមមាន៖ ១. ប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចជូនប្រជាជនដែលរស់នៅទីនោះ ដោយរក្សាជីវភាពរស់នៅតាមបែបប្រពៃណី ជំនឿ និងការអនុវត្តទំនៀមទម្លាប់ប្រចាំថ្ងៃ ២. ព្រៃឈើ និងបរិស្ថានដែលត្រូវអភិរក្ស ៣. ភាពសក្ការ គឺលក្ខណៈប្រវត្តិសាស្ត្រ និងបុរាណវត្ថុវិទ្យារបស់តំបន់ឧទ្យានជាតិភ្នំគូលែន។

យុទ្ធសាស្ត្រនៃការអភិវឌ្ឍតំបន់ឧទ្យា នជាតិភ្នំគូលែននេះ គឺផ្ដោតលើការអភិវឌ្ឍទេសចរណ៍សាសនា និងជំនឿ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទេសចរណ៍ស្រាវជ្រាវ និងវិទ្យាសាស្ត្រ ព្រមទាំងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបង្កើនប្រសិទ្ធភាពគ្រប់គ្រងតំបន់ឧទ្យានជាតិនេះជាដើម។

ដើម្បីគ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងឧទ្យានជាតិភ្នំគូលែន ផែនការមេកំណត់ឱ្យបង្កើតអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ ដែលនឹងក្លាយជាអ្នកអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកនេះ ស្ថិតក្រោមទម្រង់ចម្រុះ ភាពជាដៃគូរដ្ឋ-ឯកជន ឬភាពជាដៃគូ សហគមន៍-រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ។ រាល់ទំនាក់ទំនងរវាងវិនិយោគិន ប្រតិបត្តិករទេសចរណ៍ និងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍តំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវមានកិច្ចសន្យា និងសៀវភៅបន្ទុកច្បាស់លាស់ អមជាមួយការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។

២៖ តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី

តំបន់បន្ទាយស្រីមានទីតាំងនៅលើផ្លូវជាតិលេខ ៦៧ នៅភាគឦសាននៃរមណីយដ្ឋានអង្គរ មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីប្រជុំជនខេត្តសៀមរាប និងស្ថិតនៅក្បែរឧទ្យានជាតិភ្នំគូលែនដែរ។ តំបន់នេះមានសក្តានុពលអភិវឌ្ឍទេសចរណ៍ជនបទ និងកសិ-ទេសចរណ៍ ដែលឆ្លើយតបទៅនឹងនិន្នាការថ្មីៗនៃតម្រូវការរបស់ភ្ញៀវទេសចរ។ ការកំណត់ជ្រើសយកតំបន់បន្ទាយស្រីជាតំបន់អាទិភាពក្នុងការអភិវឌ្ឍទេសចរណ៍ជនបទ និងកសិ-ទេសចរណ៍ គឺផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ចសង្គម និងវប្បធម៌នៃតំបន់នេះ ដែលមានប្រជាជនភាគច្រើនធ្វើសកម្មភាពកសិកម្ម ជាពិសេសការដាំដុះបន្លែផ្លែឈើ និងការចិញ្ចឹមសត្វ ដែលនឹងបម្រើឱ្យវិស័យទេសចរណ៍។

ដើម្បីគ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងឧទ្យានជាតិភ្នំគូលែន ផែនការមេកំណត់ឱ្យបង្កើតអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ ដែលនឹងក្លាយជាអ្នកអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកនេះ ស្ថិតក្រោមទម្រង់ចម្រុះ ភាពជាដៃគូរដ្ឋ-ឯកជន ឬភាពជាដៃគូ សហគមន៍-រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ។ រាល់ទំនាក់ទំនងរវាងវិនិយោគិន ប្រតិបត្តិករទេសចរណ៍ និងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍តំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវមានកិច្ចសន្យា និងសៀវភៅបន្ទុកច្បាស់លាស់ អមជាមួយការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។

៣៖ តំបន់បេតិកភណ្ឌអង្គរ

រមណីយដ្ឋានអង្គរដែលស្ថិតនៅក្នុងខេត្តសៀមរាប ជាបុរាណដ្ឋានដ៏មានសារៈសំខាន់នៃប្រទេសកម្ពុជា ក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ។ លាតសន្ធឹងលើផ្ទៃដី ៤០១ គីឡូម៉ែត្រក្រឡា រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ប្រមូលផ្តុំទៅដោយប្រាង្គប្រាសាទតូចធំជាច្រើន រចនាសម្ព័ន្ធធារាសាស្ត្រ (បារាយណ៍ អាងស្តុកទឹក ប្រឡាយ) ប្លង់នគរូបនីយកម្មនៃទីក្រុងបុរាណ ក៏ដូចជាផ្លូវគមនាគមន៍បុរាណច្រើនខ្វាត់ខ្វែង រួមទាំងទេសភាពវប្បធម៌ដ៏សែនមនោរម្យ ដែលទាំងនេះគូសបង្ហាញយ៉ាងច្បាស់អំពីវប្បធម៌ដ៏ខ្លាំងក្លា និងវិសេសវិសាលមួយនៅលើពិភពលោក។ អស់រយៈពេលជាច្រើនសតវត្ស អង្គរដើរតួនាទីជាស្នូលនៃអរិយធម៌ខ្មែរ។ ជាឧទាហរណ៍ ប្រាសាទអង្គរវត្ត បាយ័ន ព្រះខ័ន និងតាព្រហ្ម ជាគំរូជាក់ស្តែងនៃស្ថាបត្យកម្មខ្មែរដ៏ល្អឯក ដែលត្រូវបានសាងសង់ឡើងដោយបានគិតគូរលើបរិបទភូមិសាស្ត្រ ព្រមទាំងអត្ថន័យ និងនិម្មិតរូបក្នុងសាសនា។ ជាមួយនឹងស្នាដៃគ្មានពីរនេះ អង្គរត្រូវបានទទួលស្គាល់ជារមណីយដ្ឋានពោរពេញទៅដោយតម្លៃវប្បធម៌ សាសនា និងនិម្មិតរូប ក៏ដូចជាសារៈសំខាន់ខាងផ្នែកស្ថាបត្យកម្ម បុរាណវិទ្យា និងសិល្បៈផងដែរ។ ឧទ្យានអង្គរក៏ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានរស់ ដោយហេតុថាប្រជាជននៅទីនេះ ដែលខ្លះជាកូនចៅជំនាន់ក្រោយដែលមានបុព្វបុរសរស់នៅតាំងពីសម័យអង្គរមកម៉្លេះ បន្តប្រតិបត្តិវប្បធម៌ សាសនា ព្រមទាំងសកម្មភាពកសិកម្ម ជាពិសេសការដាំដុះដំណាំស្រូវ។

រមណីយដ្ឋានអង្គរត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ១៩៩២ ដោយផ្អែកលើគុណតម្លៃលេចធ្លោជាសកលទាំង ៤ ដូចជា លក្ខណៈវិនិច្ឆ័យទីមួយ គឺអង្គរតំណាងឱ្យសិល្បៈខ្មែរទាំងមូល ចាប់ពីពីសតវត្សទី៩-១៤ និងរួមបញ្ចូលទាំងស្នាដៃសិល្បៈល្អឯកដែលមិនអាចបដិសេធបានជាច្រើនទៀត ឧទាហរណ៍ អង្គរវត្ត បាយ័ន បន្ទាយស្រី, លក្ខណៈវិនិច្ឆ័យទីពីរ ឥទ្ធិពលសិល្បៈខ្មែរ ដែលបានវិវត្តរីកចម្រើនខ្លាំងនៅអង្គរ គឺជាស្នាដៃសិល្បៈដ៏អស្ចារ្យដែលបានជះឥទ្ធិពលលើតំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវត្តដាច់ដោយឡែករបស់ខ្លួន, លក្ខណៈវិនិច្ឆ័យទីបី វិសាលភាពចក្រភពខ្មែរនៅសតវត្សទី៩-១៤ បានគ្របដណ្តប់ស្ទើរពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងបានដើរតួនាទីអភិវឌ្ឍនយោបាយ និងវប្បធម៌នៅក្នុងតំបន់ ដោយបន្សល់ទុកនូវបេតិកភណ្ឌដ៏ស្តុកស្តម្ភនៃរចនាសម្ព័ន្ធវប្បធម៌របស់ខ្លួន ដែលកសាងពីឥដ្ឋ និងថ្ម, លក្ខណៈវិនិច្ឆ័យទីបួន ស្ថាបត្យកម្មខ្មែរភាគច្រើនបានវិវត្តមកពីឧបទ្វីបឥណ្ឌា ដែលបន្តិចក្រោយមកបានធ្វើឱ្យមានលក្ខណៈប្លែកគ្នាយ៉ាងច្បាស់ នៅពេលដែលស្ថាបត្យកម្មខ្មែរបានវិវត្តរីកចម្រើនលក្ខណៈពិសេសផ្ទាល់របស់ខ្លួន។ ស្ថាបត្យកម្មមួយចំនួន វិវត្តដាច់ដោយឡែក ហើយស្ថាបត្យកម្មផ្សេងទៀតបានទទួលឥទ្ធិពលពីប្រពៃណី វប្បធម៌ប្រទេសជិតខាង។ ជាលទ្ធផលគឺមានដែនវិសាលភាពសិល្បៈថ្មីមួយនៅក្នុងសិល្បៈ និងស្ថាបត្យកម្មបូព៌ាប្រទេស។

ការដាក់ចេញនូវសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់អង្គរ ត្រូវគិតគូរអំពីផលប៉ះពាល់បេតិកភណ្ឌឱ្យបានហ្មត់ចត់ ស្របតាមក្របខ័ណ្ឌគ្រប់គ្រងបេតិកភណ្ឌ ច្បាប់ជាតិ និងអន្តរជាតិ ដោយត្រូវការពារគុណតម្លៃរបស់តំបន់អង្គរ ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ ០០១ ន.ស ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ ទៅតាមកម្រិតការពារចំនួន ៥ រួមមាន តំបន់១ រមណីយដ្ឋានមានប្រាសាទ, តំបន់២ ឧទ្យានបុរាណវត្ថុ ត្រូវការពារ, តំបន់៣ ទេសភាពវប្បធម៌ ត្រូវការពារ, តំបន់៤ ចំណុចមានសារៈសំខាន់ផ្នែកនរវិទ្យា ឬប្រវត្តិសាស្រ្ត និងតំបន់៥ បរិវេណអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ នៃតំបន់សៀមរាប-អង្គរ។

ផែនការសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍អង្គរ ត្រូវដាក់ចេញដោយគោរពតាមទាំងគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងស្របតាមបទដ្ឋានគតិយុត្តសំខាន់ៗ ដូចជា ព្រះរាជក្រឹត អនុក្រឹត យុទ្ធសាស្ត្រជាតិ គុណតម្លៃលេចធ្លោជាសកលរបស់អង្គរ (OUV) ការគ្រប់គ្រង និង/ឬ ផែនការអភិវឌ្ឍន៍ដែលមានស្រាប់ពីមុន និងអនុសាសន៍របស់ ICC-Angkor។

ការអភិវឌ្ឍទេសចរណ៍នៅតំបន់អង្គរ មានគោលបំណងដើម្បីធានាបទពិសោធន៍ទស្សនវិជ្ជមាន កាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើរមណីយដ្ឋាន ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងតំបន់ ពង្រឹងភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ។

៤៖ តំបន់ក្រុងសៀមរាបបច្ចុប្បន្ន

ក្រៅពីដើរតួជាបេះដូងនៃខេត្តសៀមរាប ក្រុងសៀមរាបមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរមណីយដ្ឋានអង្គរ និងប្រមូលផ្ដុំសកម្មភាពទេសចរណ៍យ៉ាងមមាញឹក។ ដូច្នេះការអភិវឌ្ឍទេសចរណ៍ ត្រូវគោរពតាមលក្ខខណ្ឌការពារគុណតម្លៃជាក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រ គោរពតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ២០៣៥។ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពលំដាប់ពិភពលោក និងផ្តល់ជាការចងចាំល្អដល់ភ្ញៀវទេសចរ ក្រុងសៀមរាបនឹងដើរតួនាទីស្នូលក្នុងការពង្រឹង និងបង្កើនភាពទាក់ទាញ និងការចងចាំសម្រាប់ភ្ញៀវទេសចរ ហើយផែនការមេដាក់ចេញនូវវិធានការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់តំបន់នេះឱ្យក្លាយជាគោលដៅទេសចរណ៍ក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រកម្រិតខ្ពស់។ ត្រង់ចំណុចនេះ ការអភិវឌ្ឍក្រុងសៀមរាបចាំបាច់ត្រូវលើកកម្ពស់ទិដ្ឋភាពទេសភាពក្រុង បរិស្ថាន និងសណ្តាប់ធ្នាប់ក្នុងក្រុងទេសចរណ៍ដ៏ទាក់ទាញនេះ ឱ្យស័ក្តិសមជាគោលដៅក្រុងទេសចរណ៍បេតិកភណ្ឌ ដែលមានការគ្រប់គ្រងដោយបច្ចេកវិទ្យាឆ្លាត។

៥៖ តំបន់បឹងទន្លេសាប

នៅក្នុងខេត្តសៀមរាប បឹងទន្លេសាបមានសេវាទូកដឹកភ្ញៀវទេសចរខ្នាតតូច ដែលធ្វើសកម្មភាពដោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ សម្រាប់ការទស្សនាភូមិនេសាទបណ្ដែតទឹក។ ដំណើរកម្សាន្តតាមទូកទេសចរណ៍ គឺជាធនធានទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅក្នុងខេត្តសៀមរាប។ ទន្លេសាបជាបឋនីយជីវមណ្ឌល ដែលចាំបាច់ត្រូវការពារនូវលក្ខណៈអេកូឡូស៊ី (សត្វ រក្ខជាតិ និងជីវចម្រុះនៅតំបន់ស្នូលស្ទឹងសែន និងតាមព្រៃលិចទឹក) ដោយត្រូវមានការសិក្សាលក្ខណៈពិសេសនៃតំបន់ សំដៅចូលរួមដល់កិច្ចអភិរក្សជីវចម្រុះនៅក្នុងបឹងទន្លេសាប។ តំបន់នេះមានសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។ បើគិតតាមទស្សនៈ «អេកូទេសចរណ៍» តំបន់នេះអាចមានមូលដ្ឋានអភិវឌ្ឍន៍ជាភូមិទេសចរណ៍ធម្មជាតិ ដោយផ្តល់នូវកន្លែងស្នាក់នៅបែបប្រណីត ឬក៏អាចស្នាក់តាមផ្ទះប្រជាជន។ល។ សេវាកម្មស្នាក់នៅប្រភេទនេះគួរមានទីតាំងស្ថិតនៅក្នុងសហគមន៍ទេសចរណ៍តំបន់កំពង់ភ្លុក កំពង់ឃ្លាំង ឬចុងឃ្នាស ដែលអាចជួយដល់ប្រជាជនក្នុងតំបន់នោះឱ្យទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់។

លើសពីនេះទៅទៀត អាចពង្រីកសកម្មភាពនៅជុំវិញភូមិ ដូចជា ដំណើរកម្សាន្តជិះកង់ ជិះទូកលេង សកម្មភាពកសិ-ទេសចរណ៍ ការដាំដើមឈើ ការលក់ដូរផលិតផលសរីរាង្គ។ល។ បច្ចុប្បន្នក្នុងតំបន់ទន្លេសាបនេះមានភូមិចំនួន ៥ គឺ ១. ភូមិភ្នំក្រោម – កំពង់ផែទេសចរណ៍ – ភូមិចុងឃ្នាស, ២. សហគមន៍ទេសចរណ៍បឹងពារាំង (ជ្រាវ), ៣. ភូមិកំពង់ភ្លុក, ៤. ភូមិកំពង់ឃ្លាំង និង៥. សហគមន៍មេជ្រៃ។

ដោយមានទាំងទីតាំងបែបធម្មជាតិដ៏ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ និងភូមិនេសាទសហគមន៍ដែលរស់នៅលើផ្ទៃទឹកបន្ថែមពីលើទេសភាពព្រៃភ្នំ និងបទពិសោធន៍រស់នៅតាមតំបន់ជនបទ ទន្លេសាបជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនៅក្នុងតំបន់ ប៉ុន្តែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ជាអាទិ៍ ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ភូមិនេសាទ, ការកែច្នៃទឹកសម្រាប់ប្រើដែលមិនប៉ះពាល់ដល់បរិស្ថាន, ការឱ្យតម្លៃលើទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងការប្រើប្រាស់ទឹកប្រកបដោយចីរភាព។ ស្ថានភាពបច្ចុប្បន្នរបស់ភូមិចុងឃ្នាសមានសភាពអន់ថយនៅឡើយ ដែលចាំបាច់បំផុតត្រូវស្តារឡើងវិញ ដើម្បីផ្តល់សេវាជូនភ្ញៀវទេសចរ។ ឈរលើមូលដ្ឋាននេះ ផែនការមេដាក់ឱ្យអនុវត្តនូវការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដោយត្រូវពង្រឹងគុណភាពផលិតផល និងសេវាទេសចរណ៍ដែលមានស្រាប់ និងត្រូវបង្កើតថ្មី ដើម្បីផ្តល់ជម្រើសបន្ថែមជូនភ្ញៀវទេសចរ។ ផែនការមេដាក់ចេញវិធានការ និងផែនការយុទ្ធសាស្រ្ត សំដៅកែលម្អគុណភាពបរិស្ថាន និងទេសភាពនៃតំបន់បឹងទន្លេសាប ដើម្បីបង្កើនគុណតម្លៃទេសចរណ៍ ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យទេសចរណ៍បឹងទន្លេសាបជាគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៏កម្រិតខ្ពស់ ជាតំបន់ទាក់ទាញទេសចរណ៍បន្ថែមរបស់ខេត្តសៀមរាប។

៦៖ តំបន់ទេសចរណ៍សៀមរាបថ្មី

ដោយឈរលើចក្ខុវិស័យ គោលបំណង និងគោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបឆ្ពោះទៅឆ្នាំ២០៣៥ ការបង្កើតតំបន់ទេសចរណ៍សៀមរាបថ្មី គឺជាការឆ្លើយតបនឹងកំណើនប្រជាសាស្ត្រ នគរូបនីយកម្មក្រុងសៀមរាប កំណើនតម្រូវការសេវាស្នាក់នៅ និងកម្សាន្តទេសចរណ៍ សម្រាប់បម្រើឱ្យកំណើនភ្ញៀវទេសចរនៅក្នុងរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីបញ្ចៀសនូវសម្ពាធខ្លាំងនៃការអភិវឌ្ឍនៅក្នុងក្រុងសៀមរាប និងតំបន់បេតិកភណ្ឌអង្គរ។ តំបន់នេះត្រូវធ្វើការអភិវឌ្ឍប្រកបដោយបរិស្ថានស្អាត ឆ្លាត និងបៃតង និងមានភាពទាក់ទាញសម្រាប់ប្រភេទទេសចរលំដាប់ខ្ពស់ និងទេសចរផ្ទះទី២។ តំបន់ទេសចរណ៍សៀមរាបថ្មីដើរតួជាទីតាំងសម្រាប់រៀបចំបង្កើតតំបន់សណ្ឋាគារកម្រិតល្អប្រណីត តំបន់កីឡាកូនគោល តំបន់ឧទ្យានកម្សាន្ត តំបន់សួនឧទ្យានបច្ចេកវិទ្យា តំបន់មជ្ឈមណ្ឌលសុខាភិបាលលំដាប់អន្តរជាតិ តំបន់ពាណិជ្ជកម្មទេសចរណ៍ធុរកិច្ច និងកន្លែងតាំងពិព័រណ៍អន្តរជាតិ តំបន់ផ្ទះទីពីរ តំបន់ពហុកីឡដ្ឋាន តំបន់សារមន្ទីរអរិយធម៌ តំបន់បុរី និងតំបន់លំនៅឋាន។ ការរៀបចំបង្កើតតំបន់ទេសចរណ៍សៀមរាបថ្មីនេះ តម្រូវឱ្យមានការសិក្សាលម្អិតលើទិដ្ឋភាពនគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ យន្តការគ្រប់គ្រង និងអភិវឌ្ឍឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

សូមជម្រាបថា គោលបំណងជាយុទ្ធសាស្ត្រនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នេះ គឺត្រូវធ្វើយ៉ាងណាឱ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បង និងទាក់ទាញនៅក្នុងតំបន់ និងសកលលោក ដោយឈរលើមូលដ្ឋាននៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ សាសនា និងភាពជាខ្មែរ។ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ខេត្តសៀមរាបគួររៀនសូត្រពីគំរូអនុវត្តល្អៗពីគ្រប់សម័យកាល ពិសេសសម័យអង្គរ ក៏ដូចជាការពិតគួរលើ «ភាពស្អាត បៃតង និងឆ្លាត» ក្នុងបរិការណ៍សម័យទំនើប និងដំណើរឆ្ពោះទៅការកសាងសេដ្ឋកិច្ចឌីជីថល៕