អូស្ត្រាលីនឹងផ្តល់ទូត្រជាក់ចំនួន៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfizer ដល់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfize​r​ដល់​ប្រទេសកម្ពុជា ។ ជាមួយ​គ្នានេះ អូស្ត្រាលី ក៏នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជា​ដៃគូ​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងការនាំចេញទៅប្រ​ទេសក្រៅ តាម​រយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ លោក​ Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំនៅ​កម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ចក្រ​កម្ពុជា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម Pablo Kang បានគោរពជូន​សម្ដេច​តេជោ​នូវលិខិតរបស់លោក Scott Morrison​ នាយករដ្ឋមន្រ្តីអូស្រ្តាលី ជូនសម្ដេច​តេជោ​ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។

លោក Pablo Kang បានធ្វើការអធិប្បាយអំពីអត្ថន័យនៃលិខិត​របស់ឯកឧត្តមនាយករដ្ឋមន្ត្រី​អូស្ត្រាលី​ដែលមានលក្ខណៈជាវិជ្ជមាន ហើយ ក៏បានគោរពជម្រាបជូនសម្តេចតេជោថា ទី១)​អូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfizer  ទី២) អូស្ត្រា​លីនឹងបើកប្រទេសឡើងវិញនៅ២សប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលី​នឹងអនុញ្ញាត​ឲ្យប្រជាជនធ្វើដំណើរចូលប្រទេសអូ​ស្ត្រាលីដោយ​មិនបាច់ត្រូវការធ្វើតេស្តកូវីដទៀតទេ និង​ទី៣)  អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិ​ឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Pablo Kang ចំពោះការពាំនាំនូវលិខិតរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីមកជូនសម្ដេចនៅពេលនេះ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង​ និងទូត្រជាក់រក្សាវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានស្នើឲ្យលោក Pablo Kang ធ្វើការពិនិត្យលើ​វិស័យផ្សេងៗ​ទៀត ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរវាងប្រទេស ទាំងពីរ៕