គ្រឹះស្ថានអង្គរ បានប្រកាសឲ្យដឹងថា រយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ មានភ្ញៀវទេសចរបរទេសចំនួន ១៩.៨៤០នាក់ បានចូលទស្សនាតំបន់រមនីយដ្ឋានអង្គរ និងទទួលបានចំណូលសរុប ៨១៥.៥៧៥ដុល្លារ ។ នេះបើយោងតាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១ មេសា គ្រឹះស្ថានអង្គរ។


ដោយឡែក គិតក្នុង ខែមីនា ឆ្នាំ២០២២នេះ គ្រឹះស្ថានអង្គរ រកចំណូលបាន ៣៣៧,៤៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៨,១៧៧នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូល របស់គ្រឹះស្ថានអង្គរ ដដែល ក៏បានបង្ហាញថា ចំណូលឧបត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា រយៈពេល៣ខែ ឆ្នាំ២០២២នេះ មានចំនួនសរុប ៣៩,៦៨០ដុល្លារ ដែលបានពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា ៕
