យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសឲ្យដឹងថា មានក្រុមហ៊ុនចំនួន ៤បន្ថែមទៀត ហើយ ដែលបានបោះទុនវិនិយោគចំនួន ១៥,៨លានដុល្លារ បង្កើតរោងចក្រ ជាពិសេសអាចផ្ដល់ ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ជាង៣ពាន់កន្លែង ។

ក្រុមហ៊ុនទាំង ៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូននោះ មានដូចជា៖
១- MALAGA GARMENT FACTORY CO., LTD: គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១១កន្លែង។


២- YOUNG CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦២០កន្លែង។


៣. TOP NINGBO FASHION CO., LTD: គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។


៤. KING LIM (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រ បោះពុម្ពលើស្លាកសញ្ញា និងផលិតគ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៤កន្លែង ៕

