រយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាមានចំនួន ៨១ ៤១៨,០៧តោន ថយចុះចំនួន ២០,៧៣ភាគរយ ។ ក្នុងនោះការនាំចេញទៅប្រទេស វៀតណាមចំនួន ៤០ ៨៤៩,៧២តោន ប្រទេសចិនចំនួន២២ ២៤៤,៦៨តោន ប្រទេសថៃចំនួន ១៨ ១៨១,១២តោន និងប្រទេសកូរ៉េចំនួន ១៤២,៥៥តោន ។ នេះបើតាមបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោក វេង សាខុន បានអោយដឹងថា ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាមានចំនួនថយរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ដោយសារហេតុផល២យ៉ាង។ ក្នុងនោះទី១ ដោយសារជួបឧបសគ្គ ការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាងប្រទេសវៀតណាម និងចិន ដោយសារការរីករាលដាលជាសកលនៃជម្អឺកូវិដ ១៩ មានការត្រួតពិនិត្យតឹងតែង និងទី២) ការប្រកួតប្រជែងតម្លៃ នៅលើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថាមិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃការធ្វើប្រព្រឹត្តកម្ម វេចខ្ចប់ និងដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ រួមជាមួយនឹងតម្លៃដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់កំពុងផែនៃប្រទេសចិន ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអោយដឹងទៀតថា ការនាំចេញដំណាប់ស្វាយមានចំនួន ៥ ១៣៦,២៧តោន ក៏មានការថយចុះចំនួន១៣,៤៣ភាគរយដែរ។ ក្នុងនោះការនាំចេញទៅប្រទេសចិនចំនួន ៤ ៤១៤,១១តោន ប្រទេសថៃចំនួន ២៨៨,៤៤តោន ប្រទេសវៀតណាមចំនួន ២០០តោន ប្រទេសហ្វីលីពីនចំនួន ១៩២,៥៥តោន ប្រទេសជប៉ុនចំនួន ២៥តោន ចក្រភពអង់គ្លេសចំនួន ៩,៧៨តោន ប្រទេសកូរ៉េចំនួន ៣,៨៧តោន និងប្រទេសអ៊ីតាលីចំនួន ២,៥២តោន។
ដោយឡែក ការនាំចេញទឹកស៊ីរ៉ូស្វាយមានចំនួន ៤០៣,៤២តោន ថយចុះចំនួន ៧៥,៦៧ភាគរយក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤៦តោន និងប្រទេសហ្វីលីពីនចំនួន ១៥៧,៤២តោន ៕ អត្ថបទ៖ ពុធិកា