សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ខែមេសានេះ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ក្នុងឪកាសនោះ សម្តេចបានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង ១ ម៉ោង។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បច្ចុប្បន្នសម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។ អាកាសយានដ្ឋានអន្តរជាតិ ដែលស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ តាមគម្រោងអាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅពេលព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប សាងសង់រួចរាល់នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ មិនមែនផ្តល់ការងារជូនចិននោះឡើយ។ សម្តេចបញ្ជាក់ថា កុំភ័ន្តច្រឡំថាការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមចិន ព្រោះពេលខាងមុខកម្ពុជា ត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។
យ៉ាងណាសម្តេចបានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេច និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ត្រូវបន្តរួមគ្នាជំរុញការអភិវឌ្ឍនៅតំបន់សាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាបនេះ ដូចជាតភ្ជាប់បណ្តាញអគ្គិសនី ផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ។ សម្រាប់ផ្លូវនឹងមានការធ្វើផ្លូវល្បឿនលឿនចេញព្រលាន ហើយត្រូវពង្រីកផ្លូវជាតិលេខ៦ ជា៤គន្លងសម្រាប់ចូលទៅក្រុងសៀមរាប។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខ្ចីថវិកាចិនសម្រាប់ការសាងសង់ផ្លូវចូលទៅក្រុងសៀមរាប៕

