ថ្លែងក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែនបានលើកឡើងពីគម្រោងពង្រីកផ្លូវជាតិលេខ ៦ ពី ២ គន្លងទៅ ៤ គន្លងសម្រាប់សម្រួលការធ្វើដំណើររនៅពេលព្រលានយន្តហោះថ្មីខេត្តសៀមរាបដាក់ឲ្យប្រើប្រាស់ ដែលនឹងរុញកំណើនការធ្វើដំណើររបស់ភ្ញៀវទេសចរមានការកើនឡើង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តរួមគ្នាជំរុញការអភិវឌ្ឍនៅតំបន់សាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ដូចជាតភ្ជាប់បណ្តាញអគ្គិសនី ផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ ដែលមានផ្លូវល្បឿនលឿនចេញពីព្រលាន និងត្រូវពង្រីកផ្លូវជាតិលេខ៦ ជា៤គន្លងសម្រាប់ចូលទៅក្រុងសៀមរាប។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បច្ចុប្បន្នសម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។ អាកាសយានដ្ឋានអន្តរជាតិ ដែលស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ តាមគម្រោងអាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។
ជាមួយគម្រោងព្រលានយន្តហោះថ្មីខេត្តសៀមរាបដែលកំពុងដំណើរការសាងសង់ រដ្ឋាភិបាលក៏គ្រោងសាងសង់ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីព្រលានយន្តហោះថ្មីដែលមានចម្ងាយជាង ៤០ គីឡូម៉ែត្រពីក្រុងសៀមរាប។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ខ្ចីថវិកាចិនសម្រាប់ការសាងសង់ផ្លូវចូលទៅក្រុងសៀមរាប៕