សម្តេច ហ៊ុន សែន រំលឹកចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែមកពីយន្តហោះធំៗមេដឹកនាំប្រទេសដៃគូមិនអាចចុះចតបាន

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី៣ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកកាលពីឆ្នាំ២០១២ សម្តេចចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែដោយសារតែព្រលានយន្តហោះខេត្តសៀមរាប មិនអាចឱ្យយន្តហោះធំៗរបស់មេដឹកនាំប្រទេសដៃគូអាចចុះចតបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។ សម្តេចតេជោគូសបញ្ជាក់ថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះនឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត។

សម្តេចបន្ថែមថា ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ នឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ជុំវិញនេះ ជាពិសេសនឹងបង្កើតជាកូនទីក្រុងនៅទីនេះទៀតផងនាពេលខាងមុខ។

យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តីបានរំលេចថា ចិនបានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាន នៅទីនេះ ហើយ៥០ឆ្នាំក្រោយ នឹងប្រគល់មកអោយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចប្រាប់ថា សូមកុំអោយមានការភ័ន្តច្រឡំថា ការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមតែជនជាតិចិន ព្រោះនៅពេលខាងមុខកម្ពុជាត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។

គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប៕