ធ្វើដំណើរតាមតំបន់រម្មណីយដ្ឋានអង្គរ សង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបានដាក់លក់ផ្លែគុយ ផ្លែសិរមាន់ ផ្ញៀវ និងផ្លែឈើព្រៃមួយចំនួនទៀត ដែលនេះសុទ្ធសឹងជាអនុផលពីព្រៃឈើក្នុងរមណីយដ្ឋានអង្គរ។ អនុផលទាំងនោះ បានផ្តល់ជាចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងដា ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ផ្តើមប្រមូលផលផ្លែឈើព្រៃនៅតំបន់ជុំវិញ យកលក់ដូរនៅតាមផ្លូវក្បែរប្រាសាទ ដែលគេឃើញច្រើនជាងគេ គឺនៅតាមផ្លូវប្រាសាទអង្គរវត្ត ដូចជាផ្លូវកូម៉ៃជាដើម។
អ្នកស្រី យឹប កត រស់នៅភូមិទស្សិនខាងត្បូង សង្កាត់គោកចក ដែលជាអ្នកលក់ផ្លែឈើលើផ្លូវកូម៉ៃ រយៈពេល៦ឆ្នាំមកហើយ បានឲ្យដឹងថា អ្នកស្រីមានលក់ផ្លែឈើចម្រុះជាច្រើន ហើយរដូវនេះផ្លែឈើមានលក់ច្រើនជាងគេ មានគុយ សិរមាន់ និងផ្ញៀវ។
អ្នកលក់អនុផលនៅតាមដងផ្លូវក្នុងតំបន់អង្គរមួយចំនួន បានប្រាប់ក្រុមការងារឧកញ៉ាញូស៍ថា នាប៉ុន្មានថ្ងៃនេះពួកគាត់លក់ដាច់ច្រើន ដោយសារតែមានភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាបមានការកើនឡើង។ ពួកគាត់បានអះអាង ការដែលមានអ្នកទេសចរណ៍ច្រើនក៏ព្រោះតែជិតនឹងពិធីបុណ្យចូលឆ្នាំខ្មែរ រួមនឹងដំណើររបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកទស្សនកិច្ចនិងសម្ពោធផ្លូវក្នុងក្រុងសៀមរាបផងដែរ។
អ្នកស្រីប្រាប់ថា ឆ្នាំនេះផ្លែឈើព្រៃ ដូចជាគុយ និងសិរមាន់ រៀងសម្បូរជាងឆ្នាំទៅមិញ និងលក់បានតម្លៃសមរម្យ។
ចំណែកអ្នកស្រី ចំប៉ី ក៏កំពុងមមាញឹកក្នុងការរៀបចំផ្លែឈើដាក់លក់លើកញ្ច្រែង និងចងភ្ជួរជាចង្កោមៗ ដើម្បីទាក់ទាញអ្នកទិញផងដែរ។ អ្នកស្រីប្រាប់ថា ផ្លែគុយ និងផ្លែសិរមាន់ ជាផ្លែឈើព្រៃប្រចាំតូបនារដូវនេះ ហើយអតិថិជនចូលចិត្តទិញពិសារណាស់ ពិសេសអ្នកទេសចរមកពីចម្ងាយ។
ដ្បិតជាអ្នកលក់បន្ត តែអ្នកស្រី ចំប៉ី បានដឹងតាមអ្នកភូមិមកថា តំបន់ដែលសម្បូរផ្លែឈើព្រៃជាងគេនៅតំបន់អង្គរ ដូចជាផ្លែគុយ គឺមានដុះច្រើននៅតំបន់ប្រាសាទព្រះខ័ន នាគព័ន្ធ និងទំនប់បារាំង ជាដើម ដែលអនុផលទាំងនោះ ជួយរកចំណូលមួយផ្នែកដល់ពលរដ្ឋនៅតំបន់ជុំវិញ៕