ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មូលហេតុដែលមិនចាក់បេតុង នៅមាត់ច្រាំងដងស្ទឹងសៀមរាប ព្រោះតែទីនោះគឺជាតំបន់អភិរក្ស ដែលត្រូវតែគោរពនូវផ្នែកវប្បធម៍អរិយធម៍ និងបេតិកភណ្ឌជាតិ។

ការលើកឡើងរបស់ សម្តេចនាពេលនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប កាល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។
នាពេលនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា«កន្លងមកមានមតិលើកឡើងថា« ហេតុអ្វីបានជារដ្ឋាភិបាលមិនព្រមចាក់បេតុនៅតាមបណ្តោយមាត់ច្រាំងស្ទឹងសៀមរាប ចឹងខ្ញុំប្រាប់មូលហេតុមិនព្រមចាក់បេតុងនៅតាមបណ្តោយមាត់ស្ទឹងសៀមរាបដោយសារតែនៅទីនេះជាតំបន់អភិរក្សដែលត្រូវតែគោរពនូវផ្នែកវប្បធម៍អរិយធម៍ ខណៈអ្នកបច្ចេកទេសផ្នែកអភិរក្សវប្បធម៏ មិនអនុញ្ញាត្តិអោយចាក់នោះទេ ព្រោះដើម្បីលើកកម្ពស់បេតិកភណ្ឌជាតិ»។

គួរបញ្ជាក់ដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការក្រោមវត្តមានសម្តេច ហ៊ុន សែន កាល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

ក្នុងនោះដែរ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។

លើសពីនេះ រដ្ឋក៏បន្ថែមទឹកប្រាក់ ៩លានដុល្លារអាមេរិក ដើម្បីរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥ លានដុល្លារទៀត សម្រាប់កែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ។
ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន៕អត្ថបទ៖ រង្សី