រយៈពេល២ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សហគមន៍នេសាទសសរស្តម្ភក្នុងខេត្តសៀមរាប ដាំកូនឈើលិចទឹកបានចំនួន៧០ហិកតា ក្នុងនោះឆ្នាំ២០២០ ដាំបាន៤០ហិកតា និង ឆ្នាំ២០២១ ដាំបាន៣០ហិកតា។ នេះបើតាមការបញ្ជាក់ថា លោក ពីង ឆុង ប្រធានសហគមន៍នេសាទសសរស្តម្ភ។
លោក ពីង ឆុង ប្រធានសហគមន៍នេសាទសសរស្តម្ភ បានបញ្ជាក់ថា ដោយទទួលបានការជួយឧបត្ថម្ភពីក្រសួងបរិស្ថានតាមរយ:គម្រោង រ៉េតបូក សហការជាមួយនាយកដ្ឋានសហគមន៍ និងអភិរក្សជលផលនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើតជាសួនបណ្តុះកូនឈើព្រៃលិចទឹកមានកូនរាំង កូនរំដេញ ច្រកែង ផ្កោល និងកូនឈើកន្សែង សរុបបានចំនួន៥ម៉ឺនកូន។

ទោះជាយ៉ាងណា លោក ពីង ឆុង ក៏បានលើកឡើង ដោយត្អូញត្អែរពីបញ្ហាលំបាកមួយចំនួនដែរដូចជាខ្វះមធ្យោបាយធ្វើដំណើរទាំងក្នុងទឹក និងលើគោក សម្រាប់ធ្វើការងារល្បាត ពិនិត្យមើលបទល្មើសក្នុងដែនសហគមន៍ ប្រេងឥន្ទន: និងថវិកាសម្រាប់ធ្វើការពង្រីកការងារដាំ និងបណ្តុះកូនឈើ ។
ជាមួយគ្នានេះ នៅដំណើរចុះពិនិត្យស្ថានីយបណ្តុះកូនឈើព្រៃលិចទឹករបស់ខ័ណ្ឌរដ្ឋបាលជលផលសៀនរាន ស្ថិតនៅភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំឲ្យលោកប្រធានសហគមន៍ មន្រ្តីជំនាញរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារបណ្តុះកូនឈើលិចទឹកឲ្យបានច្រើន ធ្វើយ៉ាងណាឆ្លើយតបឲ្យបានតាមតម្រូវការបន្ទាន់ចំពោះកូនឈើលិចទឹកដើម្បីយកទៅដាំលើដីដែលដកហូតបានបទល្មើសនៃការកាប់ ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក យកមកកាន់កាប់ធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងដែលសមត្ថកិច្ចក្នុងខេត្តសៀមរាប។
ដោយឡែក លោក វេង សាខុន ក៏ណែនាំដល់រដ្ឋបាលជលផលគួរតែស្វែងរកដៃគូបន្ថែមដើម្បីជួយដល់ការងារអភិវឌ្ឍសហគមន៍នេសាទទាំងលើការងារបច្ចេកទេស ការងារល្បាត សួនបណ្តុះកូនឈើ ការបង្រ្កាបបទល្មើស និងវារីវប្បកម្ម។

តាមរបាយការណ៍របស់រដ្ឋបាលជលផល បានឲ្យដឹងថា ខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប មានសួនបណ្តុះកូនឈើចំនួន ៧កន្លែង និងបានបណ្តុះកូនឈើចំនួន១សែនកូន។ បច្ចុប្បន្ន បាននិងកំពុងរំដោះកូនឈើព្រៃលិចទឹកទាំងនោះយកទៅដាំនៅលើដីដែលបានដកហូតជាបណ្តើរ។
ជាក់ស្តែង ខេត្តសៀមរាប ផ្ទៃដីដកហូតបានចំនួនជាង ៣៣០០ហិកតា ក្នុងនោះដាំឫស្សីបានចំនួន ២០០ដើម កូនត្នោត ៣៥ដើម កប់គ្រាប់ត្នោតបាន ៧៣ ៦៧៦គ្រាប់ និងកូនឈើព្រៃលិចទឹកបាន ៥៣០០ដើម ៕ អត្ថបទ៖ ពុធិកា


