តាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិ «តេជោ»បានប្រកាសពីការលក់មូលបត្របំណុលតម្លៃ៣លានដុល្លារ ឲ្យក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
ការប្រកាសវិនិយោគនេះបានធ្វើឡើងរវាងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងលោក Clement Yang ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Medtecs និងតំណាងមកពីក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC)។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា ថវិកាដែលបានមកពីការវិនិយោគ លើសញ្ញាបណ្ណមានបុគ្គលធានានេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រោយការប្រកាសរបស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ឃើញថាមានការចូលរួមទិញសញ្ញាបណ្ណជាបន្តបន្ទាប់ពីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ជាផ្នែកមួយចូលរួមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដើម្បីកាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស ៕