សម្តេច​តេជោ​​ណែនាំ ៥ ចំណុច​ ដល់​​ក្រសួង​ស្ថាប័ន​ ​​​​យកចិត្ត​ទុក​ដាក់​​លើក​​កម្ពស់​​ផលិតផល​ក្នុង​​ស្រុក

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងទិវា​ជាតិ​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ សម្តេច​តេជោ ហ៊ុន សែន​ បាន​ថ្លែងសារ​ដើម្បី​បំផុស​ឲ្យ​​មានការ​គាំទ្រ​ និង​យកចិត្តទុកដាក់​ក្នុង​ការ​លើក​កម្ពស់​ផលិតផលក្នុង​ស្រុក ដើម្បី​រួមចំណែកដល់​ការ​អភិវឌ្ឍ​និង​ការ​រីក​ចម្រើន​សម្រាប់​សង្គម​ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបទៅនឹងប្រធានបទ “ គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ “ ក្នុងទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៥ នៅ​ឆ្នាំ​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏​បានផ្តល់​មតិណែនាំមួយចំនួនដល់​ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួម​ក្នុងការ​លើក​កម្ពស់​និង​គាំទ្រ​ផលិតផល​ខ្មែរដូច​ខាងក្រោម​៖

ទីមួយ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តកិច្ចសហការនិងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការ ប្រើប្រាស់ផលិតផលខ្មែរបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងបន្តផ្តល់ជំនាញនានាដល់ ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការ វេចខ្ចប់ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេសនិងក្រៅប្រទេស។

ទីពីរ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិ មួយផលិតផលមួយរាជធានី​ខេត្តទាំងអស់ និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងវិស័យឯកជន រៀបចំទីផ្សារ​អនឡាញ​ជួយ​ផលិតផលខ្មែរក្នុងការទិញ-លក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផល នានាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។

ទីបី៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យស្ថានតំណាងកម្ពុជាប្រចាំនៅ​បរទេសផ្សព្វផ្សាយផលិតផល​ខ្មែរនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិ មួយផលិតផលមួយនៅកម្ពុជាទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្រោមការសម្របសម្រួលរបស់ អគ្គលេខាធិការដ្ឋានអាស៊ាន។

ទីបួន៖ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានីខេត្តទាំងអស់ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំ​ចងក្រង​ផលិតផលក្នុងស្រុកដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាននិងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុងស្រុក​ពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦ -២០២៦។

ទីប្រាំ៖ ប្រជាជនកម្ពុជាគ្រប់រូបត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ និងសូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម សហគមន៍ សមាគម​ជា​ដើម បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាងសកម្មនិង ជិតស្និទ្ធក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្ត ឱ្យបានជោគជ័យនូវទិសដៅលើកកម្ពស់ផលិតផលខ្មែរ៕