សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានជំរុញលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស ត្រូវធ្វើការប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយមិនត្រូវលើកលែង យោគយល់ និងអនុគ្រោះ ដល់អ្នកដែលប្រព្រឹត្តបទល្មើសនោះឡើយហើយការឃាត់ខ្លួនជនសង្ស័យគឺត្រូវតែ បន្តការខិតខំបន្តទៀតទៅតាមបរិមាណបទល្មើសដែលកើតមានឡើង។
ការជំរុញរបស់សម្តេចក្រឡាហោម ស ខេង ដូចនេះបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា ចំពោះស្ថាប័នតុលាការ ត្រូវផ្តល់នូវយុត្តិធម៌ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាពដើម្បីធានា និងលើកកម្ពស់ការការពារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងនោះ សម្រាប់ការផ្តល់សេវាជួយជនរងគ្រោះ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដោយត្រូវចូលរួមសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិក្នុងការជួយលើកកម្ពស់ គាំទ្រ និងការពារដល់ជនរងគ្រោះ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម បានជំរុញដល់ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធដែលស្ថិតនៅក្រោមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស(គ.ជ.ប.ជ) ត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែសកម្ម និងជិតស្និតបន្ថែមទៀត ដែលបែងចែកមុខងារទៅតាមជំនាញដើម្បីធ្វើឱ្យកិច្ចការងារទាំងនោះឱ្យទទួលបានជោគជ័យ ។
សម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ កុំប្រថុយប្រថាននឹងគ្រោះថ្នាក់ ដោយព្យាយាមឆ្លងដែនចាកចេញតាមមធ្យោបាយលួចលាក់ខុសច្បាប់ និងប្រកបដោយភាពប្រឈមនឹងគ្រោះថ្នាក់ ដែលនឹងធ្វើឱ្យមានគ្រោះថ្នាក់ និងការខាតបង់កាន់តែធ្ងន់ធ្ងរ ។
យោងតាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្ស ចំនួន២៣៥ករណី ក្នុងនោះបានបញ្ជូនជនសង្ស័យទៅតុលាការចំនួន៤០០នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន១,៣៩០នាក់ ។ សម្រាប់ករណីអំពើធ្វើអាជីវកម្មផ្លូវភេទក្នុងឆ្នាំ២០២១ បង្ក្រាបបានចំនួន១២៤ករណី បានបញ្ជូនទៅតុលាការចំនួន១៣៨នាក់ និងសង្គ្រោះបានជនរងគ្រោះ ចំនួន១៨៧នាក់ ៕ អត្ថបទ៖ ពុធិកា