សម្តេច ស ខេង ជំរុញឲ្យអ្នក​សារ​ព័ត៌​​មានបង្កើនការផ្សព្វ​ផ្សា​យអប់​​រំសង្គម

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង ជំរុញ​ឲ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំសង្គម ដើម្បីធានាឲ្យប្រជាព​លរដ្ឋទទួល​បានព័ត៌មានអប់រំថ្មីៗដែលជួយអោយសង្គមមានសុខុដុមរម្យនីយកម្ម។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូសហភាព​សហព័​​ន្ធអ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានជំរុញ​ឱ្យអ្នក​សារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំសង្គមដូចជា ច្បាប់ចរាចរណ៍ គ្រឿងញៀន វប្ប​ធម៌ ប្រពៃណីទំនៀមទំលាប់ផលិតផលក្លែងក្លាយ និងទប់ស្កាត់​ព័ត៌មានក្លែង​ក្លាយ​ជា​ដើម ដែលជាបញ្ហារាំងស្ទះដល់ការអភិវឌ្ឍសង្គម។ សម្ដេចក្រឡាហោម បាន​បញ្ជាក់​ថា ការចូលរួមចំណែកជួយផ្សព្វផ្សាយអប់រំសង្គមនេះ គឺពិតជាមាន​សារៈ​សំខាន់​ណាស់ ដើម្បីរួមចំណែកក្នុងការកសាងប្រទេសជាតិ​ឱ្យកាន់តែរីក​ចម្រើនបន្ថែម​ទៀត ជាពិសេស រួមចំណែកពង្រឹងសន្ថិភាព ស្ថេរភាព និងជំរុញការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងកោតសរសើរសភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបង្កើត​ឡើងក្នុងរយៈពេលខ្លី តែវិវឌ្ឍខ្លួនបានលឿន និងបានជួយ​សង្គមជាច្រើនផងដែរ។​


ជាការឆ្លើយតប ឯកឧត្ដម ហ៊ុយ វណ្ណៈប្រធានសភាពសហព័ន្ធអ្នកសារព័ត៌មាន​កម្ពុជា​បានប្ដេជ្ញាចិត្ដនឹងខិតខំពង្រីកការផ្សព្វផ្សាយអំពីសីលធម៌សង្គម សុខភាពប្រជាពលរដ្ឋ និងឧត្ដមគតិនៃការការពារតម្លៃផលប្រយោជន៍ជាតិ។ ឯកឧត្ដមបានបញ្ជាក់ថា តាម​រយៈការជួយអប់រំសង្គមនេះ ដើម្បីផ្ដល់ជាសារអប់រំទៅដល់ប្រជាពរដ្ឋគ្រប់​ស្រទាប់វណ្ណៈ​ឲ្យបានយល់ច្បាស់អំពីច្បាប់ ការខុសឆ្គងសីលធម៌សង្គម និងមានការផ្លាស់ប្ដូរឥរិយាបទ​មិនល្អនៅក្នុងសង្គមផងដែរ។ បើតាមឯកឧត្តម ហ៊ុយ វណ្ណៈ បាវចនារបស់សហភាពស​ហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គឺសេរីភាពក្រោមស្មារតីជាតិឯករាជ្យ។ អ្វីដែលសហភាព​សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កំពុងធ្វើនាពេលនេះមានគោលដៅសំខាន់ៗបី គឺប្រ​យុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ រូបភាពបែបហិង្សា និងភាសាអសុរោះ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានបន្តជួយគាំទ្រ និងឧបត្តម្ភសហភាពសហ​ព័ន្ធអ្នក​​សារ​ព័ត៌មានកម្ពុជា នូវទឹកប្រាក់ ៥លានរៀលក្នុង១ខែ និងជួយផ្គត់ផ្គង់សម្ភារៈ​ផ្សេងៗ​តាមការស្នើសុំរបស់ឯកឧត្តម ហ៊ុយ វណ្ណៈ ដូចជា កុំព្យូទ័រ ព្រីនធឺ និងតុជាដើម៕