ខេត្តកំពង់ធំ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យទន្លេ លើកទី៧ ដែលគ្រោងធ្វើនៅក្នុងខែមីនា ឆ្នាំ២០២៣ ក្រោយពីបានលុបចោល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីបើកពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡានៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីរាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។
លោក ថោង ខុន ក៏អំពាវនាវ និងក្រើនរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា រួមចំណែកក្នុងការជំរុញផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ» ។
គួររម្លឹកថា តាំងពីឆ្នាំ ២០១៥ មករាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានចាប់ផ្ដើមរៀបចំពិធីបុណ្យទន្លេ ដើម្បីជំរុញកំណើនទេសចរតាមដងទន្លេកម្ពុជាឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព។ ពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងរៀបចំនៅខេត្តកំពង់ធំ តាំងពីឆ្នាំ២០២១ បន្ទាប់ពីខេត្តបាត់ដំបង ត្រូវបានលុបចោល២ឆ្នាំជាប់គ្នា ដោយសារបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
គួរបញ្ជាក់ថា ខេត្តកំពង់ធំមានតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន តំបន់ប្រាសាទសំបូរព្រៃគុកស្ថិតនៅបណ្តោយស្ទឹងសែនក្នុងភូមិ- ឃុំ-ស្រុកសំបូរ ចម្ងាយ ២៨ គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្ត,តំបន់ប្រាសាទគុកនគរ នៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក មានចម្ងាយ ៨៦ គីឡូម៉ែត្រពីទីរួមខេត្ត, តំបន់ភ្នំសន្ទុក ស្ថិតនៅភូមិ-ឃុំកកោះ ស្រុកសន្ទុកមានចម្ងាយ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត និងតំបន់រមណីយដ្ឋានបឹងសំរឹទ្ធិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៕ អត្ថបទ៖ ពុធិកា