រដ្ឋ ទុកពេល ៣ខែទៀត ឱ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានទុកពេល៣ខែទៀត ឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងរយៈពេល ៣ខែទៀត ដើម្បីឈានទៅដំណាក់កាលសាងសង់ឆាប់ៗតាមផែនការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់កំណត់ពេលនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ រវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងតំណាងក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនសិក្សា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី៧ ខែមេសា។

ឯកឧត្ដម សូរ វ៉ិចទ័រ ថាក្នុងពេល ៣ខែ នេះ ក្រុមហ៊ុនត្រូវពិនិត្យ កែសម្រួល ឬសិក្សាបន្ថែម លើលទ្ធផលរបស់ខ្លួន ដើម្បីចេញរបាយការណ៍ថ្មីចុងក្រោយមួយ ដែលគ្រប់ជ្រុងជ្រោយ និងមានគុណភាពជាងមុន។

យ៉ាងណាឯកឧត្តមថា ការកំណត់ពេលវេលាចំនួន៣ខែនេះ ក៏ដើម្បីឈានទៅការចាប់ផ្ដើមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ក្នុងពេលវេលាឆាប់ៗតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខជរដ្ឋាភិបាល សម្តេច ហ៊ុន សែន។

គួរបញ្ជាក់ដែរថា តាមការសិក្សាជាបឋម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

ដោយឡែក មកដល់គិតបច្ចុប្បន្នកម្ពុជា មានផ្លូវល្បឿនលឿនមួយដែលកំពុងសាងសង់ភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។ ផ្លូវនេះ គ្រោងនឹងដាក់ដំណើរការសាកល្បងនៅអំឡុងខែ កក្កដា ទៅ កញ្ញាខាងមុខនេះ៕