ភ្នំពេញ៖ សៀវភៅជាង១លានក្បាល ត្រូវបានតាំងលក់នៅក្នុងពិព័រណ៍សៀវភៅធំបំផុតនៅ រាជធានីភ្នំពេញ ដើម្បីរួមចំណែកបណ្ដុះវប្បធម៌ នៃការអានសៀវភៅនៅកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបើក សម្ពោធពិព័រណ៍សៀវភៅ ដែលបានប្រារព្ធធ្វើនៅក្នុងបរិវេណផ្សាររុងរឿង ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី០៩ ខែមករា។ ពិព័រណ៍សៀវភៅ Big Bad Wolf Bookនេះ បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗចំនួន ១លានក្បាល មកដាក់លក់ដោយបញ្ចុះ តម្លៃចាប់ពី 50ភាគរយ រហូតដល់ 90ភាគរយ ចាប់ពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការពិព័រណ៍សៀវភៅនេះថា ពិព័រណ៍នេះ បង្ហាញការគាំទ្រពីពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលរៀបចំធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា នេះជាឱកាសមាស សម្រាប់ប្រជាជន ជាពិសេសយុវជនកម្ពុជា មករកទិញសៀវភៅអង់គ្លេស យកទៅអានស្វែងយល់និងបង្កើនចំណេះដឹងរបស់ខ្លួន ព្រោះថាមានសៀវភៅអង់គ្លេសថ្មីៗជាង១លានក្បាល មកដាក់លក់បញ្ចុះតម្លៃ ចាប់ពី៥០ភាគរយ រហូតដល់ទៅ៩០ភាគរយ ឯណ្ណោះ។

លោក Andrew Yap សហស្ថាបនិកពិព័រណ៍Big Bad Wolf Books បានថ្លែងថា “វាមិនមែនគ្រាន់តែជាពិព័រណ៍សៀវភៅនោះទេ តែជាជាស្ថាប័នមួយដែលធ្វើ យុទ្ធនាការដើម្បីលើកកម្ពស់អក្ខរកម្មភាសាអង់គ្លេស។ បេសកកម្មចម្បងរបស់យើង គឺដើម្បីផ្លាស់ប្តូរពិភពលោក ជាមួយសៀវភៅមួយក្បាល ដោយម្តងៗធ្វើឱ្យ ប្រាកដថាសៀវភៅរបស់យើងមានតម្លៃសមរម្យ និងអាចរកទិញបានសម្រាប់មនុស្សគ្រប់រូប។
លោកបន្តថា មានមនុស្សច្រើនណាស់ ដែលគ្មានលទ្ធិភាពក្នុងការទទួលបានសៀវភៅ ដោយសារតែតម្លៃរបស់សៀវភៅ។ វាពិតជាគួរឱ្យសោកស្តាយណាស់ ព្រោះតាមរយៈការអានសៀវភៅអាចផ្លាស់ប្ដូរជីវិតរបស់មនុស្ស និងជួយជំរុញឱ្យពួកគេព្យាយាមសម្រេចនូវក្តីស្រមៃរបស់ខ្លួន”។

សូមបញ្ជាក់ថា ពិព័រណ៍នេះមានសៀវភៅជាច្រើនប្រភេទដូចជា៖ សៀវភៅសម្រាប់កុមារ សៀវភៅប្រលោមលោក សៀវភៅរឿងពិត សៀវភៅលក់ដាច់បំផុត សៀវភៅប្រលោមលោកបែបវិទ្យាសាស្រ្ត សៀវភៅស្នេហា សៀវភៅអភិវឌ្ឍន៍ខ្លួនឯង សៀវភៅក្រាហ្វិក សៀវភៅអាជីវកម្ម សៀវភៅស្ថាបត្យកម្ម សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត៕