អ្នកស្រី ឃី មុន្នី ថាទិញ​ផលិតផលក្នុងស្រុក ​គឺបង្កើត​ការងារ​ដល់​​យុវ​​ជន និងទីផ្សារដល់​កសិករខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកស្រី ឃី មុន្នី អគ្គនាយិកាក្រុមហ៊ុនAmru Rich Cambodia បានលើកឡើងថា ការទិញផលិតផល​ជាតិ គឺបងប្អូន ប្រជាពលរដ្ឋទាំងអស់កំពុងបានបង្កើតការងារដល់យុវជនខ្មែរ បង្កើត​ទីផ្សារដល់កសិករខ្មែ​រពិតប្រាកដ រក្សាលំនឹង សាច់ប្រាក់ក្នុងស្រុកមិនចាយចេញ​ក្រៅតាមរយៈ​ផលិតផលនាំចូល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ឃី មុន្នី បានលើកឡើងថា សន្ទុះនៃការគាំទ្រសន្លឹកគុយទាវខ្មែរ​របស់អ្នកស្រី ពិតជាបាន​លើក​​ទឹកចិត្ត​អ្នកស្រី​ដែលជាសហគ្រិនកូនខ្មែរ​ក្នុងស្រុកម្នាក់​មានទឹកចិត្តបន្ត ខណៈដែលសន្លឹកគុយ​ទាវខ្មែ​រ​​តាំងពីការចាប់ផ្តើមដាក់លក់ក្នុង​ស្រុកថ្ងៃដំបូង លក់តាំងពីម៉ាកនាំចេញ រហូតបង្កើតម៉ាក​ភាសា​ជាតិ ដែលដំបូងមិនបានគិតថា​សន្លឹកកគុយទាវខ្មែរ​ ទទួល​បានការគាំទ្រខ្លាំងនោះទេ​ដោយកំរិ​តប្រ​កួត​ប្រជែងជាមួយប្រទេសជិតខាង ណាមួយផលិតផលសន្លឹកគុយទាវខ្មែរពីដើមមក​គឺផលិត​សំរាប់តែ​នាំចេញ​ទៅទីផ្សារ​សហគមន៍អឺរ៉ុប​និងអាមេរិចប៉ុណ្ណោះ ព្រោះ​​ស្តងដារគុណភាព​គឺទទួលស្គាល់​ដោយ​បណ្តាប្រទេសនៅទីនោះ ហើយថ្លៃដើមក៏ខ្ពស់ ។

អ្នកស្រី បានបន្តថា មុនពេលសម្រេចចិត្តដាក់លក់សន្លឹកគុយទាវនេះ គឺអ្នកស្រីបានដាក់តំលៃទាបសម​ល្មមមួយដោយ​មិនរំពឹងថាចំនេញលុយពីបងប្អូនអតិថិជននោះទេ ។​ការបង្កើនការលក់ក្នុងស្រុកនេះ​គឺ​ចង់រក្សារការងារដល់ក្រុមការងារ បុគ្គលិកកម្មករ​នៅរោងចក្រ​និងបន្តរខិតខំប្រើប្រាស់វត្ថុធាតុដើម​ក្នុង​ស្រុកអោយអស់លទ្ធភាព អំឡុងពេលវិបត្តិកូវីដ១៩ ដែល មានឧបសគ្គខ្លះក្នុងការនាំចេញ​ដោយថ្លៃ​កប៉ាលឡើងថ្លៃខ្ពស់ពេក ហើយប្រទេសខ្លះបិទនាអំឡុងពេលនោះ ។

យ៉ាងណាមិញ ​អ្នកស្រីថាឥឡូវនេះសន្លឹកគុយទាវមូរម៉ាកភាសារជាតិ បានផ្តល់នូវឱជារស​និងគុណភាព​​អាហារសុខភាពក្នុ​ងទីផ្សារដល់បងប្អូនអតិថិជនជាមួយតំលៃសមរម្យ ហើយអ្នកស្រីក៏​អរគុណដល់អតិថិជនទាំងអស់ដែលនៅជាមួយ សន្លឹកគុយទាវ ខ្មែរ ប្រើប្រាស់ហូប​ដោយរីករាយ​ជាមួយក្រុមគ្រួសារ។

គួរបញ្ជាក់ថា ក្រុមហ៊ុនAmru Rich Cambodia ជាក្រុមហ៊ុនលំដាប់ស្តង់ដារ​ដ៏ធំមួយ ដែលបាន​នាំកិត្តិនាមកម្ពុជា ទៅកាន់ឆាក អន្តរជាតិ តាមរយៈការជំរុញ និងលើកកម្ពស់វិស័យកសិកម្ម។​ក្រុមហ៊ុន​មួយនេះ បានផលិតនូវ សន្លឹកគុយទាវសរីរាង្គខ្មែរ ដើម្បីជួយ​បំពេញតម្រូវការហូបចុកជូនអតិថិជនកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅប៉ែកអឺរ៉ុបជាដើម ៕ អត្ថបទ៖ ពុធិកា