ចូលឆ្នាំ៣ថ្ងៃ អ្នកភ្នំពេញ​​កុំបញ្ចេញ​សំរាម​ដាក់លើ​​ដងផ្លូវ ព្រោះ​​ការ​​ប្រមូល​អាចនឹងមិន​បាន​ពេញ​លេញ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង​ក្នុ​ងរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅមិនបានពេញលេញដូចរៀងរាល់ថ្ងៃនោះទេ នៅថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ​ ​រយៈពេល ០៣ថ្ងៃ គិត​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម មិនបានពេញលេញរយៈពេល ០៣ថ្ងៃនេះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ដោយសារកម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd និងក្រុមហ៊ុន CintriEverbright ត្រូវបាន​ឈប់សម្រាកពីការងារ។

ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងសោភ័ណភាព រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ​ដល់​បងប្អូនប្រជាពល​រដ្ឋជា​​ម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់មេត្តាយោគយល់ និង អធ្យាស្រ័យ​កុំបញ្ចេញសំរាមមកដាក់នៅតាមដង​ផ្លូវសាធារណៈនៅក្នុងអំឡុងពេលដែលការផ្តល់សេវាមិនបានពេញលេញនេះ ដោយសូមរក្សាការទុកដាក់សំរាម​ឱ្យបាន​ត្រឹមត្រូវនៅក្នុង​ទីតាំងរៀងៗខ្លួន​ជាបណ្ដោះ​អាសន្នសិន។

រដ្ឋបាលរាជធានីភ្នំពេញ ក៏សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមចំណែកថែរក្សា​អនាម័យ បរិស្ថានរាជធានីភ្នំពេញឱ្យបានល្អប្រសើរជាមិនខាន ៕ អត្ថបទ៖ ពុធិកា