រូបសំណាក “ព្រះថោងនាងនាគ” ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ព្រះសីហនុ គ្រោងនឹងរៀបចំពិធីអភិសេក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។ នេះបើតាមការអោយដឹងពីរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ។

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេកផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងទៀតថា រូបសំណាក “ព្រះថោងនាងនាគ” នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ ។
គួរបញ្ជាក់ថា រូបសំណាកព្រះថោងនាងនាគ សង់អំពីស្ពាន់ កម្ពស់២១ម៉ែត្រនេះ នឹងត្រូវដាក់នៅចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម នៃខេត្តព្រះសីហនុ។ រូបសំណាកនេះ នឹង ចូលរួមបង្ហាញអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីជាតិ សម្រាប់ខេត្តជាប់សមុទ្រមួយនេះ៕ អត្ថបទ៖ ពុធិកា



