ប្រមុខរាជរដ្ឋាភិបាល បានស្នើឲ្យពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ឥណ្ឌា លើវិស័យពាណិជ្ជកម្ម ការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យមានការពង្រឹងចំណងមិត្តភាពការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជានិងសមាជិកដទៃទៀត។ ជាពិសេសរវាងកម្ពុជា និងឥណ្ឌាពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគបច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
ជាមួយគ្នានេះ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និងប្រជាជនឥណ្ឌា បានផ្តល់ជំនួយវ៉ាក់សាំងកូវីសែល ចំនួន ៣២៥,០០០ដូស ដល់កម្ពុជា។
លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានលើកឡើងថា ការផ្តល់ជំនួយវ៉ាក់សាំង គឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយ។
លោកជំទាវបន្ថែមថា ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ។
ក្រសួងទេសចរណ៍កម្ពុជា នាពេលកន្លងទៅ ក៏បានស្នើទៅកាន់រដ្ឋាភិបាលឥណ្ឌា ជួយជំរុញចរន្តភ្ញៀវទេសចរពីឥណ្ឌាមកកាន់កម្ពុជាបន្ថែមទៀត ព្រមទាំងស្នើពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការទាក់ទាញលំហូរភ្ញៀវទេសចរចូលមកកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនោះទេ ដូច្នេះភ្ញៀវទេសចរនិងអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសឥណ្ឌាមកកាន់កម្ពុជា គឺត្រូវផ្លាស់ប្ដូរជើងហោះហើរនៅប្រទេសថៃ ឬសិង្ហបុរី មុននឹងបន្តដំណើរមកដល់កម្ពុជា។
ដោយឡែកសម្រាប់ផ្នែកពាណិជ្ជកម្មវិញ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុប ២៧៤.២លានដុល្លារ កើន ៥៧.២៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ មានចំនួន ១៧៤.៣៥លានដុល្លារ។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំនិញដែលកម្ពុជានាំទៅប្រទេសឥណ្ឌាមានទឹកប្រាក់ ១១៣.៨៧លានដុល្លារ កើន ៩៩.១៦%ពីចំនួន ៥៧.១៧លានដុល្លារ និងការនាំទំនិញពីឥណ្ឌាមកកម្ពុជាវិញ មានទឹកប្រាក់ ១៦០.៣២លានដុល្លារ កើន ៣៦.៨២% ពីចំនួន ១១៧.១៧លានដុល្លារ៕