នៅរសៀល ថ្ងៃអង្គារ ទី១២ ខែមេសានេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះទាំងទ្វេយាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់ពីព្រះអង្គបានយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គកាលពីពេលកន្លងទៅ។

នៅរសៀលនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ បានអញ្ជើញទទួលព្រះរាជដំណើរព្រះអង្គទាំងទ្វេផងដែរ។

តាមរយៈផេកទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជសកម្មភាពទទួលបាននូវភាពជោគជ័យ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

