លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមេសានេះថា មានភ្ញៀវទេសចរជាង៨៦ម៉ឺននាក់ បានចេញដើរទស្សនាទូទាំងប្រទេស នាថ្ងៃទីមួយនៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពោរគឺថ្ងៃទី១៤ម្សិលមិញ។

បើតាមលោករដ្ឋមន្ត្រីគោលដៅទេសចរណ៍សំខាន់ៗ នាពេលនេះរួមមាន៖ ខេត្តកំពង់ឆ្នាំង ១៦០,៧៤០ នាក់, ខេត្តបាត់ដំបង ១០៧,២៥៤ នាក់, ខេត្តសៀមរាប ១០៧,០១៤ នាក់, ខេត្តពោធិ៍សាត់ ៨៣,៨៩៦ នាក់, ខេត្តកំពង់ចាម ៥៧,៤៣០ នាក់, ខេត្តព្រៃវែង ៥៦,០០២ នាក់, ខេត្តកំពង់ស្ពឺ ៤៩,២៨៨ នាក់, រាជធានីភ្នំពេញ ៣៨,៩៧២ នាក់, ខេត្តបន្ទាយមានជ័យ ៣៧,៣១៦ នាក់។

ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១នេះ មានសភាពផុសផុលខ្លាំង និងមានចំនួនច្រើនជាងពេលមិនទាន់មានការកើតឡើងនូវជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទៅទៀត។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ៥.៦៨% ធៀបនឹងថ្ងៃចូលឆ្នាំថ្ងៃទី១ កាលពីឆ្នាំ២០១៩ ដែលមានចំនួន៨១៦.៤៦៩នាក់។

ក្រៅតែពីការដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្ត លោករដ្ឋមន្រ្តីក៏សង្កេតឃើញបងប្អូនប្រជាពលរដ្ឋនៅតាមភូមិស្រុកនានា ទាំងក្មេងៗ យុវជន និងពុកម៉ែមាមីង បាននាំគ្នាជួបជុំលេងល្បែងកម្សាន្ត ច្រៀងរាំសប្បាយ និងលេងល្បែងប្រជាប្រិយនានា។

យ៉ាងណា ចំពោះខេត្តដែលបានដកចេញកាតព្វកិច្ចនៃការពាក់ម៉ាស់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើនបានជ្រើសយកជម្រើសមិនពាក់ម៉ាស ប៉ុន្តែខេត្តដែលមិនទាន់ដកចេញកតព្វកិច្ចពាក់ម៉ាស់ ហើយមានរៀបចំកម្មវិធីសង្រ្កាន្ត ការជួបជុំបាញ់ទឹក ប៉ាតម្សៅ និងការប្រគុំតន្រី លោកសង្កេតឃើញថា មានបងប្អូនតិចតួចណាស់ដែលបានពាក់ម៉ាស់៕






