មោទនភាព​ណាស់! ចុងភៅកម្ពុជា នាំយកម្ហូបខ្មែរចំនួន១០មុខ ទៅប្រកួត រហូតឈ្នះមេដៃមាស Asian Gourmet Challenge នៅប្រទេសថៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមអ្នក​ធ្វើម្ហូប​របស់​សមាគម​ចុងភៅ​កម្ពុជា​ចំនួន​៣២នាក់ បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដល់ខេត្ត​សៀមរាប​វិញហើយ បន្ទាប់ពី​បាន​ទៅចូលរួម ក្នុងកម្មវិធី​ប្រកួតប្រជែង​ចុងភៅ​ឆ្នើម​អាហារ​អាស៊ី ( Best Asian Gourmet Challenge ) ឆ្នាំ​២០១៩ អស់រយៈពេល​១សប្តាហ៍ ដោយ​បាន​នាំមក​ជាមួយ ពានមាស​ជយលាភី​ចំនួន១ និង​មេដោយ​មាស ប្រាក់ និង​សំរឹទ្ធ សម្រាប់​បុគ្គល ចំនួន២៧ បន្ថែម​ទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ស្វាគមន៍​ដំណើរ​នាំយកជយលាភី​ជូន​ប្រទេស​ជាតិ របស់​សមាគម​ចុងភៅ​កម្ពុជា បានធ្វើឡើង​នៅផ្ទះម៉ែឡន​ម្ហូបខ្មែរ សង្កាត់​ក្របីរៀល នាជាយ​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ​២០១៩ ។

លោក ឡុង ប៊ុនហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា និងជា​ប្រធាន​ដឹកនាំ​សមាជិក​ប្រតិភូ​ចូលរួម​ការប្រកួត​នោះ បាន​ឲ្យដឹង​ថា កម្មវិធី​ប្រកួត​ប្រជែង អាហារ​អាស៊ី ​ឆ្នាំ២០១៩ ត្រូវបាន​ធ្វើឡើង​នៅទីក្រុង​បាងកក ចាប់ផ្តើម​ថ្ងៃទី​២៦ ខែ​ឧសភា និង​ប្រកាស​លទ្ធផល នា​រាត្រីថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០១៩។ បណ្តាអ្នកចូលរួម​ក្នុងកម្មវិធី​នេះ រួមមាន​មកពី​ប្រទេស​ថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និងប៉ាគីស្ថាន ។ នៅក្នុងកម្មវិធីនេះដែរ ក្រុមចុងភៅ​ល្បីៗមកពី​បណ្តា​ខេត្ត​ចំនួន៣០ ​ក្នុង​ប្រទេស​ថៃ ក៏បាន​ចូលរួម​ផងដែរ ។ សរុប​ចុងភៅ​ចូលរួម​ទាំងអស់ មាន​ប្រមាណ​ជិត ៩០០​នាក់។

លោក​បញ្ជាក់រទៀត​ថា ផ្តើមចេញ​ពីរសជាតិម្ហូបខ្មែរ​ចំនួន១០មុខ​មាន​ដូចជា៖ ១-អាម៉ុកត្រី។ ២-ញាំក្រូចថ្លុងបង្គារ។ ៣-សាច់គោអាំងទឹកប្រហុក។ ៤-ការីសាច់មាន់។ ៥-ឆាកង្កែបម្រេចកំពត។ ៦-ខ​ប៉េងប៉ោះ។ ៧-គ្រំបំពងជ្រក់ស្វាយ។ ៨-បាយសម្រូបម្រេចខ្មៅ។ ១០-សម្លរប្រហើរនិងស្ង្យាល្ពៅ។


លោកបាន​បង្ហាញ​នូវ​អារម្មណ៍​ពិត​របស់​លោក​ថា ទេពកោសល្យ​នៃការ​ផ្សំ​គ្រឿង​ចំអិន​ម្ហូប វាគ្រាន់តែ​ជាតម្លៃមួយ​បង្ហាញអំពី​បំណិន​នៅក្នុង​វិជ្ជាជីវៈជាចុងភៅ​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វី​ដែលជា​មោទនភាព​សម្រាប់​ការលើក​ពាន​ជយលាភី គឺ​រសជាតិ​ម្ហូបខ្មែរ ។

សមាគម​ចុងភៅ​កម្ពុជា បាន​បង្កើត​ឡើង​នៅក្រុង​សៀមរាប​ក្នុងឆ្នាំ​២០១៣ ។ ឆ្នាំ​២០១៩​នេះ គឺជា​លើកទី៧​ហើយ ដែល​សមាគម​ចុងភៅ​កម្ពុជា បានបញ្ជូន​ក្រុមចុងភៅ​ឆ្នើមៗ​របស់ខ្លួន​ចេញទៅ​ប្រកួតប្រជែង​ធ្វើម្ហូប ក្នុង​កម្មវិធី​ធំៗ​ខ្នាតអន្តរជាតិ​នៅ​ក្រៅ​ប្រទេស។

ជាការ​កត់សម្គាល់​ទៅលើ​លទ្ធផល​នៃការ​ប្រកួត​នោះ រាល់លើក​ដែល​សមាគម​ចុងភៅ​កម្ពុជា​ដណ្តើម​បាន គឺក្រៅពី​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​ជាច្រើន​នោះ ជយលាភី​ពានមាស សមាគម​ចុងភៅ​កម្ពុជា​ទទួលបាន​ចំនួន​២លើក គឺឆ្នាំ​២០១៤ ទទួល​បាន​ពាន​មាស​ក្នុង​កម្មវិធី​ប្រកួត​ធ្វើម្ហូប ( រសជាតិ​អាហារ​ទន្លេមេគង្គ ) នៅទីក្រុង​បាងកក ប្រទេស​ថៃ និង​លើកទី២ គឺពាន​ជយលាភី ប្រកួត​ធ្វើម្ហូប​អាស៊ី​ឆ្នាំ២០១៩ ។ លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរទេចរណ៍​ខេត្ត​សៀមរាប វាយ​តម្លៃ​ថា ជយលាភី​ទាំងនេះ ពិតជា​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា។ ពិតណាស់​ថា តាមរយៈ​នៃការ​ចូលរួម​ប្រកួត​ប្រជែង​នោះ បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូវបាន​ចាប់​អារម្មណ៍​ចំពោះ​រសជាតិ​ម្ហូបខ្មែរ៕