អាស៊ាន និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូដែលមានវ័យ៤៥ឆ្នាំមកហើយ។
តាមរយៈសេចក្តីថ្លែងការណ៍មួយទំព័ររបស់ប្រធានអាស៊ាន នៅថ្ងៃសៅរ៍ ទី១៦ ខែមេសានេះ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះនឹងជួបមុខគ្នាដោយផ្ទាល់ ខណៈដែលប្រធានអាស៊ាន និងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។
លើសពីនេះ កិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក នឹងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមគ្នាផងដែរ។
សេចក្តីថ្លែងការណ៍ដដែល ក៏បានបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាបង្កើនជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕