បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំ ជាមធ្យមក្នុងគ្រួសារមួយដែលមានគ្នា ៥ នាក់ ដែលធ្វើដំណើរកម្សាន្តឆ្ងាយពីផ្ទះក្នុងរយៈពេល ៣ ថ្ងៃ ចំណាយមិនតិចជាង ៥០០ ដុល្លារ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង)។
នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។
ខេត្តបាត់ដំបងឈរលេខ ១ មានភ្ញៀវទេសចរសម្រុកទៅលេងច្រើនជាងគេក្នុងឱកាសបុណ្យចូលឆ្នាំ ដោយទទួលបានភ្ញៀវទេសចរ ៦៥៣ ៨៩៦ នាក់ បន្ទាប់មកខេត្តកំពង់ចាមចំនួន ៥៤១ ៩០០ នាក់ និងទី៣ គឺខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់។
ដោយឡែកខេត្តគោលដៅទេសចរណ៍ធំពីរគឺខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ៤៥៥ ៩៨៤ នាក់ និងខេត្តមាត់ឆ្នេរដ៏ល្បីល្បាញគឺខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ ២៦៤.៣០៨ នាក់៕